ប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០២៥ ស្របតាមបរិបទសេដ្ឋកិច្ចសកល និងកម្ពុជា

(ភ្នំពេញ)៖ ក្រុមសហជីព និងអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាលើកឡើងថា តួលេខប្រាក់ឈ្នួលអប្បរមាចំនួន ២០៨ ដុល្លារសម្រាប់ឆ្នាំ២០២៥ លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា គឺស្របទៅតាមបរិបទសេដ្ឋកិច្ចសកល និងប្រទេសកម្ពុជា ដោយកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ រីឯភាគីនិយោជក ក៏អាចរក្សានិរន្តរភាពផលិតភាពការងាររបស់ខ្លួននៅក្នុងស្រុកបាន។ 

លោកបណ្ឌិត  គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៥ គឺមានលក្ខណៈសមរម្យ និងទទួលយកបានសម្រាប់កម្មករនិយោជិត និងនិយោជក។ លើសពីនេះដែរ ចំនួនតួលេខអប្បបរមានៃប្រាក់ឈ្នួលនេះ គឺមានកម្រិតមួយខ្ពស់ល្អ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៃបណ្តាប្រទេសក្នុងតំបន់។

លោកបណ្ឌិតសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងនៅកម្ពុជានៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភអំពីការបាត់បង់ចំណូលរបស់កម្មករនិយោជិត ដូច្នេះការដំឡើងប្រាក់ឈ្នួលនៅពេលនេះ គឺក្នុងគោលបំណងបន្ថែមចំណូល និងអត្ថប្រយោជន៍បន្ថែមទៀតនៅក្នុងកាលៈទេសៈនេះ ធ្វើយ៉ាងណាកម្មករនៅតែរក្សាកំណើនប្រាក់ចំណូលរបស់ខ្លួន មិនថមថយ ឬបាត់បង់ការងារធ្វើនៅក្នុងស្រុក។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងកាលៈទេសៈនៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន បងប្អូនកម្មករនិយោជិតគួរបង្កើនផលិតភាពការងាររបស់ខ្លួន ធ្វើយ៉ាងណានិយោជកមានកំណើនផលិតល្អជាងមុន និងការនាំចេញមានទំហំធំជាងមុន ដែលអាចឱ្យភាគីអ្នកវិនិយោគអាចទ្រទ្រង់ និងរក្សានិរន្តរភាពការងារជូនកម្មករនិយោជិត និងឱកាសការងារនៅក្នុងស្រុកបាន។

សម្រាប់ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា តួលេខនៃប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ គឺត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ និងសិក្សាស៊ីជម្រៅលើលក្ខខណ្ឌចំនួន៧ រួមទាំងសេដ្ឋកិច្ចជាតិ និងសកល និងលក្ខខណ្ឌផ្សេងៗទៀត ពីសំណាក់ភាគីពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល សហជីព និយោជិត រហូតចេញតួលេខមួយផ្លូវការ ដែលគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា ក្រោមយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នា។

ប្រធានសហជីពរូបនេះបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារក្នុងមួយខែ គឺជាចំណូលបន្ថែមថ្មីមួយទៀត ក្នុងការពង្រឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត ត្បិតតួលេខនេះឡើងបានត្រឹម៤ដុល្លារក៏ពិតមែន តែវាជាកំណើនមួយដ៏ល្អ បើធៀបនឹងនិន្នាការសេដ្ឋកិច្ចសកលនៅពេលនេះ។ គ្រប់ភាគីពាក់ព័ន្ធបានយល់ស្របគ្នាលើបញ្ហានេះ ហើយមានច្រកចេញប្រកបដោយស្មារតីរួមមួយ។

លោកបានគូសបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលនៅកម្ពុជាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ បើទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ មិនថាក្រោមការរីករាលដាលកូវីដ-១៩ វិបត្តិនៅអ៊ុយក្រែន និងរុស្សុី និងថ្មីៗនេះនៅមជ្ឈឹមបូព៌ាដែលទាំងនេះបង្ហាញឱ្យឃើញពីការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិទី៦ និងអាណត្តិទី៧ ខណៈប្រាក់ឈ្នួលអប្បបរមានៅបណ្តាប្រទេសមួយចំនួនធំនៅក្នុងតំបន់មិនត្រូវបានដំឡើងនោះទេ។

លោកស្រី ប៊ូ សុគន្ធាវុី ដែលជាកម្មករនិយោជិតបម្រើការងារជិត១០ឆ្នាំនៅរោងចក្រកាត់ដេរ នៅស្រុកពញាឮ ខេត្តកណ្តាល  បានលើកឡើងថា ត្បិតតួរលេខដំឡើងមិនសូវខ្ពស់ពេក ក៏ប៉ុន្តែតួរលេខអប្បបរមា ២០៨ ដុល្លារនេះគឺសមរម្យហើយសម្រាប់ឆ្នាំ២០២៥។ លោកស្រីស​ប្បាយចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាលដែលតែងតែមានឆន្ទៈក្នុងការដំឡើងប្រាក់ឈ្នួលបានជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

លោកស្រីថា៖«នណាក៏ចង់បានប្រាក់ឈ្នួលខ្ពស់ដែរ តែការចង់ស្ថិតនៅលើចំណុចមួយដែលសមរម្យ ទទួលយកបាន។ ខ្ញុំសប្បាយចិត្តនៅពេលថៅកែរោងចក្រនៅតែមានការងារឱ្យពួកខ្ញុំធ្វើ បើទោះបីស្ថិតក្នុងពេលណាក៏ដោយ។ មួយវិញទៀតប្រាក់ឈ្នួលជារឿងមួយតែអត្ថប្រយោជន៍ផ្សេងៗទៀតដែលទទួលបានក៏នៅតែមានបន្ថែមពីលើប្រាក់ឈ្នួលគឺជារឿងមួយដែលសប្បាយចិត្ត។ ខ្ញុំអបអរហើយបើទោះបីប្រាក់ឈ្នួលដំឡើងម្តងបន្តិចៗ តែយើងនៅមានអត្ថប្រយោជន៍ផ្សេងៗទៀតពីរោងចក្រ ក៏ដូចជារដ្ឋាភិបាល»។

លោកស្រីបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៥ នេះនឹងអាចជួយជ្រោមជ្រែងការចំណាយបន្ថែមថ្មីមួយទៀតសម្រាប់ជីវភាពគ្រួសារ។ លោកស្រីសង្ឃឹមថាការដំឡើងប្រាក់ឈ្នួលនឹងត្រូវធ្វើឡើងរៀងរាល់ឆ្នាំ បើទោះបីតិចឬច្រើនក៏ដោយ។ សូមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់មកលើបងប្អូនកម្មករនិយោជិតគ្រប់ពេលវេលា មិនដែលបោះបង់ចោលនោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា មានប្រាក់ឈ្នួលអប្បបរមានៅទាបជាង ១០០ដុល្លារ ខណៈប្រទេសបង់ក្លាដេស និងប៉ាគីស្ថាន មានប្រាក់ឈ្នួលអប្បបរមាទាបជាង១២០ដុល្លារ រីឯប្រទេសវៀតណាម និងឥណ្ឌា មានចំនួនចន្លោះពី ១៤០ដុល្លារ ទៅ ២០៤ដុល្លារ អាស្រ័យតាមតំបន់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner