អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យសកម្មភាពហាត់សម​របស់​ក្រុមកីឡាទូក នៅស្រុកបាធាយ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពី​រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ​សកម្ម​ភាពហាត់សមរបស់ក្រុមកីឡាទូក ង ឈ្មោះ​ បាធាយ​ តេជោ​សែន​ជ័យ​ នៃវត្តបទុមតារារាម ហៅទួលចាន់​ ស្ថិតក្នុងឃុំច្បារអំពៅ ស្រុក​បាធាយ ដើម្បីត្រៀមចូលរួមប្រកួតក្នុងឱកាសអបអរសាទរបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាង​មុខនេះ ។

ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្ត​ដល់ក្រុមកីឡាករទាំងអស់ ត្រូវខិតខំគោរពវិន័យ ជាពិសេស​ត្រូវគោរព​តាមលក្ខន្តិកៈ របស់គណៈកម្មការរៀបចំការប្រកួត ឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវខិតខំធ្វើការហ្វឹកហាត់ និងថែរក្សាប្រពៃណី វប្បធម៌ ។ក្នុងពេលប្រកួតត្រូវរួមសាមគ្គីភាព និងសហការគ្នាជាក្រុម។ការរួមគ្នាជា​ក្រុម ជាកត្តាទទួលបានជោគជ័យ។ ការដណ្តើមជ័យជម្នះសម្រាប់​បន្តទៅ​ចូលរួម​ប្រកួតនៅកំរិតថ្នាក់ជាតិនាពេលខាងមុខ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយៈពេល ពេញមួយថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។នៅពេលរាត្រី មានការ​បណ្តែត​ប្រទីប និងអុជកាំជ្រួច។ ព្រមទាំងមានតាំងពិព័រណ៍សមិទ្ធផលរបស់ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផល​នានា និងការប្រគំតន្ត្រីខ្នាតធំ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦- ១៨ ខែតុលា៕
ដោយ៖លី ពៅ

ads banner