រដ្ឋលេខាធិការបរិស្ថាន៖កម្មវិធីរត់ប្រណាំងនៅភ្នំគូលែនរដូវកាលទី៣ នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក
ភ្នំពេញ៖ កម្មវិធីរត់ប្រណាំងនៅភ្នំគូលែនរដូវកាលទី៣ គ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខ។ព្រឹត្តិការណ៍នេះត្រូវបានអ្នករៀបចំកម្មវិធីរំពឹងថា នឹងជួយជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍បែបធម្មជាតិនៅភ្នំគូលែនទៅកាន់ពិភពលោកឱ្យកាន់តែល្បីល្បាញសុះសាយថែមទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែនកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា ភ្នំគូលែន ជាតំបន់ការពារធម្មជាតិដែលគ្រប់គ្រងក្រសួងបរិស្ថាន ។នៅតំបន់នេះមានកន្លែងកម្សាន្តប្រមាណជាង៨០ទីតាំង ដែលសុទ្ធសឹងតែជាកន្លែងមានសក្តានុពលក្នុងការទាក់ទាញអ្នកទេសចរដែលចូលចិត្តដំណើរផ្សងព្រេង ឬទេសចរកីឡា។
លោកជំទាវបន្តថា ព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែន រដូវកាលទី៣នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលាខាងមុខ វាពិតជាបានរួមចំណែកយ៉ាងធំធេងនៅក្នុងការផ្សព្វផ្សាយដល់តំបន់កម្សាន្តទាំងនោះ ។លោកជំទាវបន្តថា កាលណាកីឡាកររត់ទៅដល់ទីតាំងនីមួយៗ គាត់អាចនឹងថតសែលហ្វ៊ី ឬថតរូបភាពផ្សេងៗ បង្ហោះនៅក្នុងបណ្តាញសង្គម ដែលនេះជាផ្នែកមួយក្នុងការជំរុញបង្កើតនូវផលិតផលទេសចរណ៍នៅក្នុងខេត្តសៀមរាបក្រៅប្រាសាទ ហើយក៏ផ្តល់ប្រយោជន៍សេដ្ឋកិច្ចមួយផ្នែកធំដល់ប្រជាសហគមន៍នៅតំបន់ភ្នំគូលែនផងដែរ។
អ្នករៀបចំកម្មវិធី លោក យ៉ាន់ ផានិត បានបញ្ជាក់ថា ខេត្តសៀមរាប នៅរដូវភ្លៀងមានទេសចរមកលេងតិច ។ដូច្នេះការបង្កើតព្រឹត្តិការណ៍ផ្សេងៗនៅរដូវភ្លៀងជាការជំរុញសកម្មភាពទេសចរណ៍ឱ្យរស់រវើកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ក្នុងការធ្វើយ៉ាងណាឱ្យខេត្តសៀមរាបកាន់តែមានភាពរស់រវើកថែមទៀត។
សម្រាប់កម្មវិធីរត់ប្រណាំងនេះ ក្រៅពីអ្នករត់អាជីព ប្រជាពលរដ្ឋទូទៅក៏អាចចុះឈ្មោះរត់កម្សាន្តសប្បាយជាលក្ខណៈគ្រួសារ ឬជាមួយសត្វចិញ្ចឹមរបស់ពួកគេបានដែរ។នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ាន់ ផានិត៕