មេដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចុះទស្សនកិច្ចនូវច្រកអូរយ៉ាដាវ និងពិនិត្យមើលបង្គោលព្រំដែនលេខ៣០
ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយចំនួន០៨ និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចំនួន១២ រួមទាំងអតីតមន្ត្រីគណបក្សប្រឆាំង បានចុះទស្សនកិច្ចនូវច្រកអូរយ៉ាដាវ និងពិនិត្យមើលបង្គោលព្រំដែនលេខ៣០ ភូមិប៉កធំ ឃុំប៉កញ្ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីសំណាក់លោក ហេង ប៊ុននី ជាអភិបាលស្រុកព្រមទាំងលោក សឹម លីម ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនផងដែរ។
ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា ការចុះទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍ភាគឥសាននៃប្រទេសកម្ពុជាចំនួន៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងស្រែងរតនគិរី និងខេត្តមណ្ឌលគីរី រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះក្នុងគោលបំណងមើលពីការបោះបង្គោលព្រំដែន មើលការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងមើលការរស់នៅនិងការរីកចំរើនរបស់ប្រជាពលរដ្ឋនៅទីនោះ។ ឯកឧត្តមបានបន្តថា ទាក់ទងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ ៦៩ ស្ថិតនៅក្នុងខេត្តក្រចេះ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ចុះទៅទស្សនកិច្ចនៅច្រកដាក់ដាំ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ហើយក៏បន្តដំណើមកកាន់បង្គោលព្រំដែនលេខ ៤៨ ដែលឋិតនៅក្នុង ភូមិពូទឺត ឃុំប៊ូស្រា ស្រុកជ្រាដា ខេត្តមណ្ឌលគីរី។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចុះទស្សនកិច្ចនូវច្រកអូរយ៉ាដាវ និងពិនិត្យមើលបង្គោលព្រំដែនលេខ៣០ ភូមិប៉កធំ ឃុំប៉កញ្ញៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
ចំណែកឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ ដែលបានចុះពិនិត្យមើលបង្គោលព្រំដែនបានបញ្ជាក់ថា មិនមានការរំកិលដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះទេ។ មិនមានការរំកិល និងមិនមានភាពលំអៀងទៅខាងណានោះទេ។
សូមជម្រាបថា គណបក្សនយោបាយ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល រួមទាំងអតីតមន្ត្រីគណបក្សប្រឆាំង បានចុះទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍ភាគឥសាននៃប្រទេសកម្ពុជាចំនួន ៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និតខេត្តមណ្ឌលគីរី រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះក្នុងគោលបំណងមើលពីការបោះបង្គោលព្រំដែន មើលការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងមើលការរស់នៅនិងការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅទីនោះ៕
ដោយ៖ពលជ័យ