ក្រុមការងារចុះត្រួតពិនិត្យការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង
បាត់ដំបង៖ក្នុងសប្ដាហ៍នេះក្រុមការងារបេសកកម្មត្រួតពិនិត្យនៃគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងទីភ្នាក់អភិវឌ្ឍន៍បារាំង(AFD)បានចុះធ្វើការវាយតម្លៃ លើដំណើរការនៃការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង។
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ដែលបានអមដំណើរក្រុមការងារបេសកកម្មខាងលើនេះ បានបញ្ជាក់ថាគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យរបស់ខេត្តបាត់ដំបងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។នៅក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានវាយតម្លៃវឌ្ឍនភាពការងារ ដោយធៀបនឹងកម្មវិធីផែនការសកម្មភាពការងារ និងពិនិត្យបញ្ហាប្រឈមនានា ដើម្បីពិភាក្សាដោះស្រាយ កែសម្រួលនិងលើកជាសំណើផ្សេងៗ សម្ដៅជំរុញឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅបានឆាប់រហ័សតាមការគ្រោងទុកនៃផែនការមេ។
សូមជម្រាបថា គម្រោងខាងលើនេះមានការសាងសង់ស្ថានីយបូមទឹកឆៅមួយកន្លែង, សាងសង់រោងចក្រទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ, រៀបចំពង្រីកបំពង់ទឹកស្អាតប្រវែង៩៤គីឡូម៉ែតដែលជាការពង្រី
កនូវសមត្ថភាពនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបង ដែលអាចបន្ថែមពី ៣៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃឱ្យឡើងដល់៨៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ និងដើម្បីសម្រេចគោលដៅតំបន់សេវាកម្មឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០ ខាងមុខ។
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានឱ្យថា បច្ចុប្បន្នរដ្ឋាករទឹកបាត់ដំបង មានរោងចក្រផលិតទឹកស្អាតចំនួន២ទីតាំង ដែលមានសមត្ថភាពផលិតសរុប ៣៣ ៥២០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។មានប្រវែងបំពង់ទឹកស្អាត ៧៩១ គីឡូម៉ែត្រ មានអតិថិជនសរុប ៣៧ ៥៥៩គ្រួសារស្មើនិងតំណ ខណៈសេវាគ្របដណ្តប់បាន ៨៥ ភូមិ ក្នុងចំណោមភូមិគោលដៅសរុបចំនួន៩៩ភូមិស្ថិតក្នុងស្រុកចំនួន២ និងក្រុង១៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.