អ៊ុយក្រែនអះអាងថាកូរ៉េខាងជើងបញ្ជូនកងទ័ពទៅរុស្ស៊ី
បរទេស៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនកងទ័ព ឲ្យទៅជួយដល់កម្លាំងយោធានៅប្រទេសរុស្ស៊ី។
នៅក្នុងការថ្លែងជាទៀងទាត់ កាលពីថ្ងៃអាទិត្យ លោក Zelensky បាននិយាយថា «យើងឃើញការបង្កើនសម្ព័ន្ធភាព រវាងប្រទេសរុស្ស៊ី និងរបបនានា ដូចជា នៅក្នុងប្រទេសកូរ៉េខាងជើង»។ លោកបានបន្តថា «វាមិនមែនគ្រាន់តែជាការផ្ទេរសព្វាវុធទេ តាមពិតទៅ គឺនិយាយអំពីការផ្ទេរមនុស្សពីកូរ៉េខាងជើង ទៅចូលរួមជាមួយកងកម្លាំងយោធារុស្ស៊ី»។
ការអត្ថាធិប្បាយរបស់លោក Zelensky បែបនេះ បានកើតមានឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានទៅទស្សនកិច្ច នៅបណ្តារដ្ឋមួយចំនួននៅអឺរ៉ុប ដើម្បីស្វែងរកជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ បន្ថែមទៀត នៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពាន របស់កងកម្លាំងរុស្ស៊ី។
ប្រភពមួយ នៅក្នុងប្រទេសអ៊ុយក្រែន បានប្រាប់កាសែត The Guardian ថា «មានជនជាតិកូរ៉េខាងជើងរាប់សិបនាក់ នៅពីក្រោយកងទ័ពរុស្ស៊ី នៅក្នុងក្រុមដែលជួយផ្នែកប្រព័ន្ធបាញ់មីស៊ីល KN-23»។
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីឆ្នាំមុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ខណៈដែល លោក គីម និងលោក Putin បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងកិច្ចព្រមព្រៀងអាវុធសម្ងាត់។ រីឯ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង កាលពីខែឧសភា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត