ចិនធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់

ប៉េកាំង : ក្រសួងការពារជាតិចិនប្រកាសថា ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ ចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់។

ក្រសួងការពារជាតិចិនប្រកាសថា កងទ័ពទីក្រុងប៉េកាំងចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដោយបានបញ្ជូនយន្តហោះ និងនាវាចម្បាំងទៅឡោមព័ទ្ធកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។

ក្រសួងការពារជាតិចិននិយាយថា សមយុទ្ធនេះ មានឈ្មោះថា Joint Sword-2024B មានគោលបំណងសាកល្បងសមត្ថភាពប្រតិបត្តិការរួមគ្នារបស់កងទ័ពចិន។

អ្នកនាំពាក្យយោធាចិន លោក Li Xi និយាយថា កងទ័ពចិនកំពុងដឹកនាំធ្វើសមយុទ្ធនៅក្នុងតំបន់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់។

លោក Li បន្តថា សមយុទ្ធនេះ នឹងផ្តោតលើបើរបៀបវារៈសំខាន់ៗមួយចំនួន មានដូចជាការល្បាតត្រៀមប្រយុទ្ធតាមអាកាស ផ្លូវសមុទ្រ ការបិទច្រក និងតំបន់សំខាន់ៗ ក៏ដូចជាការវាយលុកលើគោលដៅដែនសមុទ្រ និងជើងគោក។

លោក Li បន្ថែមថា សមយុទ្ធនេះ គឺជាប្រតិបត្តិការស្របច្បាប់ និងចាំបាច់ សំដៅការពារអធិបតេយ្យភាពរដ្ឋ និងឯកភាពជាតិ។

ទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះក៏បានប្រកាសដែរថា សមយុទ្ធរបស់ខ្លួនបម្រើជាការព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើចង់ផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់។

ក្រៅពីការធ្វើសមយុទ្ធ ប្រទេសចិនបានបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបញ្ជូនយន្តហោះចម្បាំង និងយន្តហោះយោធាផ្សេងទៀត ខណៈដែលនាវាចម្បាំងរបស់ខ្លួន បានរក្សាវត្តមានមិនឈប់ឈរនៅជុំវិញដែនទឹករបស់កោះនេះ។

ទីក្រុងប៉េកាំង មិនបានច្រានចោលការប្រើ កម្លាំង ដើម្បីនាំយកកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះ មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner