ហាង 7-Eleven បិទទ្វារជាង ៤០០ទីតាំងនៅអាមេរិកខាងជើង
បរទេស : ជារឿងមួយគួរឱ្យភ្ញាក់ ហាងលក់ទំនិញដ៏ល្បី 7-Eleven បានប្រកាសថ្មីៗនេះថា ទីតាំងរាប់រយកន្លែងនៅទូទាំងអាមេរិកខាងជើងកំពុងបិទ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ក្រុមហ៊ុន Seven & I Holdings ដែលជាមេធំរបស់ 7-Eleven នៅប្រទេសជប៉ុន បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រាក់ចំណូលថា ទីតាំងចំនួន ៤៤៤ របស់ 7-Eleven កំពុងបិទទ្វារ។
ហេតុផលដែលនាំឱ្យ 7-Eleven បិទហាងរាប់រយទីតាំងបែបនេះ គឺដោយសារតែខ្លួនប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមូលហេតុចម្បង មានដូចជាការលក់ធ្លាក់ចុះខ្លាំង និងសម្ពាធអតិផរណា។
Seven & I និយាយថា ស្របពេលដែលសេដ្ឋកិច្ចអាមេរិកខាងជើងហាក់ទន់ខ្សោយ ការសម្រេចចិត្តនេះ ជាវិធីសាស្រ្តប្រុងប្រយ័ត្ន ពីហានិភ័យអតិផរណាជាប់លាប់ អត្រាការប្រាក់ខ្ពស់ និង បរិយាកាសការងារយ៉ាប់យឺន។
ទោះបីជាយ៉ាងណា 7-Eleven មានហាងច្រើនជាង ១៣,០០០ទីតាំងនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដូច្នេះការបិទហាងទាំងនេះ មានចំនួនប្រហែល ៣%ប៉ុណ្ណោះ៕
ប្រភព : CNN ប្រែសម្រួលដោយ : ឈឹម ទីណា