កម្ពុជា ទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ កើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់

(ភ្នំពេញ)៖ កម្ពុជា ទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ កើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសត្តានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ ឬទេវតាជាអ្នកផ្ដល់ឱ្យនោះទេ ប៉ុន្ដែ គឺបានកើតចេញ ពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

សម្តេចធិបតី បានបញ្ជាក់ថា ឆ្នាំ២០០៤ គឺជាឆ្នាំ ដែលកូនខ្មែរគ្រប់រូបចងចាំ នៅពេលកម្ពុជា ដែលជាប្រទេសតូច និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) អាចសម្រេចបាននូវជោគជ័យដ៏កម្រ នៅក្នុងបរិការណ៍នៃក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគី ដែលយើងបានក្លាយជាសមាជិក WTO ពេញសិទ្ធិ ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ មានដូចជា៖ ការកើនឡើងនៃទំហំពាណិជ្ជកម្ម និង វិនិយោគផ្ទាល់ពីបរទេស, ការពង្រឹង និង ពង្រីកមូលដ្ឋានផលិតកម្ម, ការសម្រេចបាននូវការធ្វើពិពិធកម្មទំនិញ និង ទីផ្សារ, និងការកើនឡើងនូវចំណូលរបស់ប្រជាជន តាមរយៈការថយចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ, និង ការលូត លាស់យ៉ាងឆាប់រហ័យនៃសេដ្ឋកិច្ច ។

សម្ដេចធិបតី បានលើកឡើងដែរថា ការរៀបចំព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នៅពេលនេះ គឺជាប្រវត្តិសាស្ត្រ ដើម្បីឆ្លុះបញ្ចាំងនូវចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក និងដើម្បីរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner