ឯកឧត្តម ហួត ហាក់ ថ្លែងថា៖ ការដឹងសុខទុក្ខ និងយកចិត្តទុកដាក់ដល់មន្ត្រីរាជការជានិវត្តន៍ជន គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយឈរលើគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ ប្រធានគណៈកធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការជានិវត្តន៍ជន និងបាននាំយកនូវអំណោយសម្រាប់ឧបត្ថម្ភដល់ពូ មីង បងប្អូន ក្នុងពិធីសំណេះសំណាលដំបូងជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ព្រោះថាពូ មីង បងប្អូនបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ ដោយដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូលរហូតដល់ពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដឹកនាំឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធិផលថ្មីៗតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ផងដែរ។
ពិធីសំណេះសំណាលដំបូងជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍នេះ ដើម្បីផ្តល់អនុសាសន៍ណែនាំមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យរបស់គណបក្ស ប្រឹងប្រែងសម្រេចកិច្ចការឱ្យអស់ពីសមត្ថភាព ដោយឈរលើភាពស្មោះត្រង់ និងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មគ្រប់ជាន់ថ្នាក់។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍ទាំងអស់សរុបជាង៦០០នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម មានប្រសាសន៍ថា ការយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខរបស់ពូ មីង បងប្អូនជានិវត្តន៍ជន ជាទឡ្ហីករណ៍ដ៏សំខាន់សំរាប់ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា នូវបញ្ហាប្រឈមណាមួយ ជាពិសេស ឯកឧត្តម បានលើកទឹកចិត្ត និងសាទរ ចំពោះនិវត្តន៍ជនទាំងអស់ អាចពិនិត្យលទ្ធភាពរៀងៗខ្លួនអញ្ជើញមកបំពេញការងារបន្តនៅក្រសួងទេសចរណ៍ផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ