ធនាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការគម្រោងទូទាត់ឆ្លងដែន តាម QR Code និងក្រុមហ៊ុន Ant International តាមរយៈប្រព័ន្ធបាគង និង Alipay Plus
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បាន ញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ គម្រោងទូទាត់ឆ្លងដែន QR Code ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Ant International តាមរយៈប្រព័ន្ធ បាគង និង Alipay Plus ដើម្បីផ្តល់ អត្ថប្រយោជន៍ដល់អតិថិជន ខណៈកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាព ពាណិជ្ជកម្ម ទេសចរណ៍ និងការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ NBC ដើម្បីជំរុញការធ្វើឌីជីថល នៅទូទាំងប្រទេសកម្ពុជា។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Ant International ស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ QR Code ឆ្លងព្រំដែន»។ MoU នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់កូដ QR ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព រវាងបណ្តាញរបស់បាគង តាមរយៈកូដ KHQR និងប្រព័ន្ធអេកូ QR code សកលរបស់ Alipay Plus ។
លោកជំទាវបន្តថា ជុំវិញការសហការគ្នានេះ អាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តពង្រឹង និងធ្វើទំនើបកម្មការទូទាត់ឆ្លងដែននៅក្នុងតំបន់អាស៊ី និងបណ្តាប្រទេសដៃគូ ដោយរហូតមកដល់ពេលនេះ យើងបានដំណើរការគម្រោងបង់ប្រាក់ឆ្លងដែន ដោយជោគជ័យជាមួយប្រទេសថៃ, វៀតណាម, ឡាវ, កូរ៉េខាងត្បូង និងម៉ាឡេស៊ី ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះ បានណែនាំកម្មវិធីទេសចរណ៍ បាគង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាទូទាត់ប្រាក់នៅកម្ពុជា និងគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ តាមរយៈការបើកការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ ។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាចំណុចរបត់មួយទៀតសម្រាប់ ធនាគារជាតិនៃកម្ពុជា ខណៈដែលវាបង្ហាញពីច្រករបៀងទូទាត់ឆ្លងដែនថ្មីរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ចំនួន ៩ ផ្សេងទៀត រួមមាន ប្រទេសចិន, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, កូរ៉េខាងត្បូង និងជាច្រើនទៀត តាមរយៈការប្រើប្រាស់បាគង និង AliPay Plus ។
លោកជំទាវទេសាភិបាល បានបន្ថែមថា បន្ទាប់ពីពិធីសម្ពោធនេះ អ្នកប្រើប្រាស់កម្មវិធីទូទាត់អន្តរជាតិជាង ១០ ដែលជាដៃគូ Alipay+ អាចស្កេនលេខកូត KHQR ដើម្បីអាចធ្វើការទូទាត់ក្នុងប្រទេសកម្ពុជាបានផងដែរ។ ខណៈពេលដែលនៅក្នុងដំណាក់កាលបន្ទាប់ ប្រជាពលរដ្ឋកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កាបូបលុយឌីជីថល ក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាពបទពិសោធន៍នៃការទូទាត់សម្រាប់ការទូទាត់តាមទូរស័ព្ទឆ្លងព្រំដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត ដែលមានការសហការជាមួយ Alipay។
លោកជំទាវបណ្ឌិត បានបង្ហាញទំនុកចិត្តថា តាមរយៈកម្មវិធី App តាមទូរស័ព្ទ ដូចជា AliPay និងដៃគូ Alipay Plus ផ្សេងទៀត បានដំណើរការប្រតិបត្តិការរាប់មិនអស់នៅទូទាំងពិភពលោក សម្រួលដល់ដំណើរការទិញ និងធ្វើឱ្យការទិញទំនិញ ព្រមទាំងការបរិភោគអាហារ និងការទិញប្រចាំថ្ងៃទាំងមិនពិបាក និងមានសុវត្ថិភាព។ ភាពជាដៃគូនេះ គឺជាការអភិវឌ្ឍដ៏មានឥទ្ធិពលបំផុតមួយ ក្នុងការគាំទ្រដល់ដំណើរឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជា និងជួយពាណិជ្ជករក្នុងស្រុក ចាប់យកឱកាសថ្មីៗនៅក្នុងទិដ្ឋភាពវិវត្តន៍ ៕
អត្ថបទ៖ វណ្ណលុក