ទិដ្ឋភាពមនុស្សរត់គេចពេលអ៊ីស្រាអែលស្ទាក់ចាប់មីស៊ីល
បរទេស៖ ក្រុមមនុស្សម្នាបានរត់ដើម្បីគេចខ្លួន រកកន្លែងមានសុវត្ថិភាព ក្នុងពេលដែលមានការស្ទាក់ចាប់ ការបាញ់មីស៊ីល របស់ពួកហេសបូឡា ដោយប្រព័ន្ធការពារមីស៊ីល នៅជុំវិញទីក្រុង ហៃហ្វា (Haifa) របស់អ៊ីស្រាអែល។
សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើង ខណៈដែលប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ដំណើរការស្ទាក់ចាប់ការបាញ់មីស៊ីល របស់ពួកសកម្មប្រយុទ្ធ ចូលទៅលើតំបន់កំពង់ផែ ហៃហ្វា (Haifa)។
មេទ័ពអ៊ីស្រាអែលបាននិយាយ នៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន របស់ក្រុមហេសបូឡា លើមូលដ្ឋានហ្វឹកហ្វឺនយោធា បានសម្លាប់ទាហាន យ៉ាងហោចណាស់ បួននាក់ កាលពីចុងសប្តាហ៍ ហើយវាគឺជារឿងដ៏អាក្រក់ និង ឈឺចាប់។
អំឡុងពេលទស្សនកិច្ច ទៅកាន់មូលដ្ឋានហ្វឹកហ្វឺនកងពលតូច ហ្គូឡានី (Golani) ដែលត្រូវបានវាយប្រហារ កាលពីយប់ថ្ងៃអាទិត្យ លោកឧត្តមសេនីយ៍ឯក ហឺហ្ស៊ី ហាឡេវី (Herzi Halevi) បានប្រាប់ទាហានថា «យើងកំពុងមានសង្រ្គាម ហើយការវាយប្រហារលើមូលដ្ឋានហ្វឹកហ្វឺន នៅផ្នែកខាងមុខ គឺជារឿងពិបាក ហើយលទ្ធផលគឺឈឺចាប់ ដែលសំដៅលើតំបន់ ប៊ីនយ៉ាមីណា (Binyamina) ភាគខាងត្បូងនៃទីក្រុង ហៃហ្វា (Haifa) របស់អ៊ីស្រាអែល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត