អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖បណ្តឹងក្នុងមួយខែស្ថិតនៅក្នុងចន្លោះ៤០ទៅជាង៥០ពាក្យប្តឹង
(ភ្នំពេញ)ពាក្យប្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់មកអង្គភាពប្រឆាំងអំពើពុករលួយជាទូទៅស្ថិតនៅក្នុងចន្លោះពី៤០ទៅដល់ជាង៥០ជារៀងរាល់ខែ ដោយក្នុងចំណោមនេះភាគច្រើនបានប្រឆាំងនឹងការប្រព្រឹត្តិអំពើពុករលួយរបស់មន្រ្តីសាធារណៈ និងមួយចំនួនទៀតពលរដ្ឋក៏បានដាក់ពាក្យប្តឹងដែលមិនមែនជាការប្រព្រឹត្តិអំពើពុករលួយផងដែរជាហេតុធ្វើឳ្យមិនមានចំណាត់ការទេ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៣៩អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ពាក្យប្តឹងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះស្ថិតនៅក្នុងចន្លោះរវាង៤០ទៅជាង៥០ ហើយចំនួននេះឃើញថាមិនថយ និងមិនចុះប៉ុន្មានដែរ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ពាក្យប្តឹងមួយចំនួនបានតម្រូវឱ្យអ្នកដាក់ពាក្យប្តឹងមកបញ្ជាក់ប្រាប់មូលហេតុនិងមានភស្ថុតាងដាក់បន្ទុកដើម្បីងាយស្រួលក្នុងការធ្វើចំណាត់ការលើជនល្មើសដែលប្រព្រឹត្តិអំពើពុករលួយ។
មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់ពាក្យប្តឹងក្នុងខែ កញ្ញាកន្លងមកសរុបមានចំនួន៤៩។
ដោយឡែកសម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញក្នុងខែកញ្ញាកន្លងមកមានមន្ត្រីចំនួន ២៣០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១៥រូប ដោយឡែកមន្ត្រី ១១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយ ដោយមូលហេតុ បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។
ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៥លើក ដូចជា៖១) ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ ក្រសួងអភិវឌ្ឍជនបទ ដែលរៀបចំដោយក្រសួងអភិវឌ្ឍជនបទ និងក្រសួងមុខងារសាធារណៈ (២) ការប្រឡង ជ្រើសរើសគ្រូសម្រាប់មត្តេយ្យសិក្សា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារ សាធារណៈទាំងពីរដំណាក់កាល (៣) ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សម្រាប់បម្រើការនៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរៀបចំដោយក្រសួងយុត្តិធម៌ ទាំងពីរដំណាក់ កាល ។
ប្រភពដដែលនេះបានបញ្ជាក់ដែរថាក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈ ចំនួន ៦៤គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ២៨អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេងលីមហួត