Boeing កាត់បន្ថយបុគ្គលិក ១៧,០០០នាក់
បរទេស៖ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះអាមេរិក គ្រោងនឹងកាត់បន្ថយបុគ្គលិក ១០ភាគរយ ស្មើនឹង ១៧,០០០នាក់ ទូទាំងពិភពលោក រួមមានទាំង អ្នកគ្រប់គ្រង ព្រមទាំង ពន្យាពេលផ្គត់ផ្គង់យន្តហោះ ក្រោយពេលមានកូដកម្មរបស់បុគ្គលិក រយៈពេល១ខែ ជុំវិញការទាមទារដំឡើងប្រាក់ឈ្នួល, ស្តារប្រាក់សោធននិវត្តន៍ ចំពេលមានអតិផរណា។
ក្រុមហ៊ុនបានបញ្ជាក់ថា ព្រោះកូដកម្ម នាំឲ្យយន្តហោះប្រភេទ 777X ត្រូវផ្អាកការចែកចាយ ជាលើកដំបូង ដោយពន្យាពេល ពីឆ្នាំ២០២៥ ទៅ ឆ្នាំ២០២៦។ កូដកម្មបានបណ្តាលឲ្យក្រុមហ៊ុនខាតបង់ ៥ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ហើយភាគហ៊ុនរបស់ Boeing ក៏បានធ្លាក់ចុះ ១.១ភាគរយ។
លោក Kelly Ortberg នាយកប្រតិបត្តិ Boeing បាននិយាយថា ការកាត់បន្ថយការងារ ក្នុងទំហំនេះ គឺស្របទៅតាមស្ថានភាពហិរញ្ញវត្ថុ បន្ទាប់ពីបុគ្គលិក ៣៣,០០០នាក់ នៅរោងចក្រ West Coast មិនព្រមចូលធ្វើការ។ លោក Ortberg បាននិយាយថា ជាការសម្រេចចិត្តប្រកបដោយយុទ្ធសាស្រ្ត សម្រាប់អនាគត និងមានទស្សនៈច្បាស់លាស់ ដើម្បីស្តារក្រុមហ៊ុន។
ជាការកត់សម្គាល់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ Boeing បានជួបបញ្ហាជាបន្តបន្ទាប់ រួមទាំង ការធ្លាក់យន្តហោះដែលខ្លួនផលិត និងឧបទ្វេវហេតុផ្សេងៗទៀត នាំឲ្យក្បាលម៉ាស៊ីនក្រុមហ៊ុន ត្រូវបានរុះរើ ដោះដូរ រួមមានទាំង លោក Kelly Ortberg ដែលជា CEO ថ្មី។
CNN បានចេញផ្សាយថា មុនពេលដែល លោក Ortberg ចូលកាន់តំណែងជានាយកប្រតិបត្តិ ក្នុងខែសីហា ក្រុមហ៊ុន Boeing បានសារភាពកំហុស ក្នុងការក្លែងបន្លំរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ហៅកាត់ FAA បន្ទាប់ពីខ្លួនបានបរាជ័យ ក្នុងការបង្ហាញពីការអាប់ដេតប្រព័ន្ធសេរ៊ីយន្តហោះ 737 Max ដែលបណ្តាលឱ្យមានកំហុស ក្នុងការរចនាបណ្តាលឱ្យយន្តហោះ 737 Max ចំនួនពីរគ្រឿងបានធ្លាក់ កាលពីឆ្នាំ២០១៨ និង ២០១៩។ ក្រសួងយុត្តិធម៌ផាកពិន័យដល់ក្រុមហ៊ុនជិត ១ពាន់លានដុល្លារ។ ឥឡូវនេះ ចៅក្រមមួយរូប កំពុងពិនិត្យមើលលើរឿងនេះ បន្ថែមទៀត៕
ប្រភពី AFP ប្រែសម្រួល៖ សារ៉ាត