មេដឹកនាំគណបក្សនយោបាយ អង្គការសង្គមស៊ីវិល៖ ការបោះបង្គោលព្រំដែននៅខេត្តភាគឦសានមានភាពរឹងមាំ និងគ្មានការរំកិលនោះទេ
ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអតីតមន្ត្រីគណបក្សប្រឆាំង ដែលបានចុះទស្សនកិច្ចតំបន់អភិវឌ្ឍន៍ភាគឦសាន នៃប្រទេសកម្ពុជាចំនួន៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងស្រែងរតីគិរី និងខេត្តមណ្ឌលគីរី រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤ បានអះអាងស្រដៀងគ្នាថា ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះមានជីវភាពល្អជាងមុន។ ការអភិវឌ្ឍខេត្តភាគឦសានមានចំណុចវិជ្ជមានច្រើន ហើយជាពិសេសការបោះបង្គោលព្រំដែនមានភាពរឹងមាំ និងគ្មានការរំកិលដូចជា ការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។
ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា ការចុះទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍ភាគឦសាននៃប្រទេសកម្ពុជាចំនួន៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងស្រែងរតនគិរី និងខេត្តមណ្ឌលគីរី រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះក្នុងគោលបំណងមើលពីការបោះបង្គោលព្រំដែន មើលការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងមើលការរស់នៅនិងការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅទីនោះ។ ឯកឧត្តមបានបន្តថា ទាក់ទងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ ៦៩ ស្ថិតនៅក្នុងខេត្តក្រចេះ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ចុះទៅទស្សនកិច្ចនៅច្រកដាក់ដាំ ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ហើយក៏បន្តដំណើមកកាន់បង្គោលព្រំដែនលេខ ៤៨ ដែលឋិតនៅក្នុង ភូមិពូទឺត ឃុំប៊ូស្រា ស្រុកជ្រាដា ខេត្តមណ្ឌលគីរី។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចុះទស្សនកិច្ចនូវច្រកអូរយ៉ាដាវ និងពិនិត្យមើលបង្គោលព្រំដែនលេខ៣០ ភូមិប៉កធំ ឃុំប៉កញ្ញៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។
លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានអះអាថថា មិនមានការរំកិលបង្គោលព្រំដែនដូចជាការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះទេ ពីព្រោះបង្គោលព្រំដែនមានភាពរឹងមាំ គឺមិនអាចរំកិលទៅណាបានទេ។ លោកបានបញ្ជាក់ថា “វាមិនដូចជាការចោទប្រកាន់របស់ពួកក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតាំងខ្លួនស្នេហាជាតិ ដែលតែងតែចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាល គឺបានចុះមកមើលផ្ទាល់ហើយ គឺគ្មានការរំកិលបង្គោលព្រំដែននោះទេ ពីព្រោះបង្គោលព្រំដែនរឹងមាំណាស់”។
ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ ដែលបានចុះពិនិត្យមើលបង្គោលព្រំដែនបានបញ្ជាក់ថា មិនមានការរំកិលដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះទេ។ មិនមានការរំកិល និងមិនមានភាពលំអៀងទៅខាងណានោះទេ។
ឯកឧត្តម ឈឿង ចាន់ធឿន ប្រធានគណបក្សខ្មែរក្រោក ដែលបានចុះទៅទស្សនកិច្ចនៅខេត្តភាគឦសានពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា “ការបោះបង្គោលព្រំដែនមានភាពល្អណាស់ និងគ្មានការរំកិលនោះទេ។ ការរស់នៅរបស់ប្រជាពលរដ្ឋមានជីវភាពល្អជាងមុន។ ការអភិវឌ្ឍខេត្តភាគឦសានមានចំណុចវិជ្ជមានច្រើន”។ ជាមួយគ្នានេះប្រធានគណបក្សខ្មែរក្រោក អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួនតូច។
លោកជំទាវ សេង ចាន់ណា អនុប្រធានគណបក្សខ្មែរសាធារណរដ្ឋ ដែលបានចុះទស្សនកិច្ចនៅខេត្តភាគឦសាន បានអះអាងថា “បង្គោលព្រំដែនមានគ្រឹះរឹងមាំ មិនអាចរំកិលទៅណាបាននោះទេ។ ហើយវាមិនដូចជាការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចនោះទេ”។
លោក ហ៊ុន មករា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនសេនាមរតក៌សន្តិភាព ដែលបានចុះទស្សនកិច្ចនៅខេត្តភាគឥសានពីថ្ងៃទី១០-១៣ ខែតុលាបានបញ្ជាក់ថា ” បង្គោលព្រំដែនមានគ្រឹះរឹងមាំ និងមិនមានការរំកិលនោះទេ កុំជឿតាមក្រុមជ្រុលនិយមមួយចំនួនតូចនិយាយមួលបង្កាច់ក្នុងគោលបំណងអាក្រក់ ដើម្បីឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំលើរាជរដ្ឋាភិបាល និងកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន”។
លោក ម៉ម ស៊ីវ អតីតបេក្ខជនក្រុមប្រឹក្សាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មកពីគណបក្សឆន្ទៈខ្មែរ ដែលបានចុះទស្សនកិច្ចនៅខេត្តភាគឦសាន បានអះអាងថា ហេដ្ឋារចនាសម្ព័ន្ធខេត្តភាគឦសាន គឺមានភាពល្អប្រសើរ បង្គោលព្រំដែនមិនមានការរំកិលដូចក្រុមប្រឆាំងជ្រុលនិយមចោទប្រកាន់នោះទេ។ លោកក៏បានអំពាវនាវទៅក្រុមប្រឆាំង និងអ្នកវិភាគនិយាយអោយបានត្រឹមត្រូវ កុំចេះតែចោទប្រកាន់មកលើរាជរដ្ឋាភិបាល។
សូមជម្រាបថា គណបក្សនយោបាយ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល រួមទាំងអតីតមន្ត្រីគណបក្សប្រឆាំង បានចុះទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍ភាគឦសាននៃប្រទេសកម្ពុជាចំនួន ៤ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និតខេត្តមណ្ឌលគីរី រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះក្នុងគោលបំណងមើលពីការបោះបង្គោលព្រំដែន មើលការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងមើលការរស់នៅនិងការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅទីនោះ៕
ដោយ៖ពលជ័យ