ក្រុមការងារសហព័ន្ធសហជីពកម្ពុជា ចូលរួមសិក្ខាសិលាស្តីពីសុវត្ថិភាពមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិក និងសុខជុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈកម្ពុជា
(សៀមរាប)៖ លោក ស្រុង វ៉ាន់ណូ ប្រធាន សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ និងជា សមាជិក សហភាពសហជីពមរតកជាតិកម្ពុជា CCTUH ឯកឧត្តម តុល ផាន់មឿង ជាប្រធាន បានដឹកនាំក្រុមការងារចូលរួមសិក្ខាសិលាដ៏មានសារៈសំខាន់មួយស្តីពី សុវត្ថិភាពមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិក និងសុខជុមនីយកម្ម នៃទំនាក់ទំនង វិជ្ជាជីវៈកម្ពុជា នៅខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ដើម្បីចែករំលែកចំណេះដឹងនានា រួមទាំងបែងចែកពង្រីកចំណេះគោលការណ៍សំខាន់ៗផ្សព្វផ្សាយដល់សមាជិកខាងក្រោមបន្តទៀត ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ត្រូវការការកែសម្រួលឲ្យមានភាពសមរម្យ និងធានាបាននូវសុវត្ថិភាពសម្រាប់កម្មករនិយោជិត ក្នុងន័យនេះគឺមិនចាំបាច់ទាល់តែត្រូវតែផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតបច្ចុប្បន្នទាំងស្រុងនោះទេ គឺគ្រាន់តែកែសម្រួលរថយន្តឲ្យមានកន្លែងអង្គុយសមរម្យ ជំនួសឲ្យរថយន្តណាដែលតម្រូវឲ្យកម្មករនិយោជិតត្រូវឈរជិះលើរថយន្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ក៏ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាប្រចាំ ជាពិសេសត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើរថយន្តកែច្នៃខុសបច្ចេកទេស ដែលមិនអាចយកធ្វើជារថយន្តដឹកកម្មករនិយោជិតបាននោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ការផ្តល់ជាធាតុចូលយ៉ាងសំខាន់ពីភាគីពាក់ព័ន្ធនានា ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមផ្តល់ជាមតិ និងសំណើកែលម្អនានា ដើម្បីក្រុមការងារអាចយកមកបញ្ចូលក្នុងគោលនយោបាយស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលជាការងារអាទិភាពមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងធ្វើការងារយ៉ាងសកម្មលើកិច្ចការនេះ។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា បណ្តាភាគីពាក់ព័ន្ធនឹងមានកិច្ចពិភាក្សារួមគ្នាយ៉ាងសុីជម្រៅ គ្រប់ជ្រុងជ្រោយ ផ្អែកលើតថភាពជាក់ស្តែង ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការកែប្រែមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជាឱ្យមានភាពប្រសើរឡើង ធ្វើយ៉ាងណាឱ្យមធ្យោបាយធ្វើដំណើរប្រកបដោយបទដ្ឋានបច្ចេកទេស សុវត្ថិភាព ផាសុកភាព ដល់កម្មករនិយោជិតនៅកម្ពុជា និងជៀសវាងការបង្កគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅធ្វើការ និងត្រលប់មកកន្លែងស្នាក់នៅវិញ ៕
ដោយ ៖ វណ្ណលុក