សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងឯករាជ្យភាពនិងភាពម្ចាស់ការលើខ្លួនឯង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង។ ទន្ទឹមនេះ គណៈកម្មាធិការអភិវឌ្ឍន៍គោលនយោបាយនៃអង្គការសហប្រជាជាតិ បានវាយតម្លៃឱ្យកម្ពុជាឆ្លងផុតនូវការត្រួតពិនិត្យ រយៈពេល៣ឆ្នាំម្ដងជាលើកទី២ នៃការចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ការបញ្ជាក់នេះ ក្នុងពិធី “អបអរសាទរខួបលើកទី២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតី បានលើកឡើងថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព, ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក, ការចាកចេញពីភាពឯកានយោបាយ និងសេដ្ឋកិច្ច ដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពលពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់។ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លារ។

សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក ដែលបានរំលេចក្នុងយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តថែរក្សាសមិទ្ធផលវិជ្ជមាននានា និងពង្រីកការធ្វើសមាហរណកម្មទៅក្នុងក្របខណ្ឌនានា ព្រមទាំបន្តថែរក្សាគោលនយោបាយអព្យាក្រឹត ដែលផ្អែកលើគោលការណ៍ច្បាប់ ហើយកម្ពុជានឹងមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណាឡើយ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនង ។ ទន្ទឹមនេះ គណៈកម្មាធិការអភិវឌ្ឍន៍គោលនយោបាយនៃអង្គការសហប្រជាជាតិ បានវាយតម្លៃឱ្យកម្ពុជាឆ្លងផុតនូវការត្រួតពិនិត្យ រយៈពេល៣ឆ្នាំម្ដងជាលើកទី២ នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ជាមួយនឹងការឆ្លងផុតដំណាក់កាលពិនិត្យលើកទី២នេះ កម្ពុជាត្រូវបានគណៈកម្មាធិការដដែលរបស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ពិតណាស់ថា ការចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ប្រព្រឹត្តកម្មពិសេស និងដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO ក៏ដូចជាផលវិបាកមួយចំនួនទៀត ប៉ុន្តែយើងមិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីបានការអនុគ្រោះនោះទេ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner