កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International ឆ្នាំ២០២៤ នៅខែក្រោយ

ភ្នំពេញ៖ បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International ឆ្នាំ២០២៤ នៅខែក្រោយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ យោងតាមការផ្សាយនៅផេកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះ បានបង្កើតឡើងដោយកូនខ្មែរផងដែរ ។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោល គឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ ។

បវរកញ្ញាកម្ពុជាធ្លាប់បានជាប់ Best National Costume (ឈុតតំណាងជាតិល្អជាងគេ) ក្នុងកម្មវិធីប្រកួតសម្រស់ Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញាមកពី១៤ប្រទេសផ្សេងទៀត ។

បវរកញ្ញាកម្ពុជាកាលណោះ គឺ កញ្ញា ពក ស្រីល័ក្ខ ដែលគ្រងឈុតរាហូចាប់ចន្ទ បង្ហាញពីវប្បធម៌ ជំនឿ សាសនាដ៏ផូរផង់នៃកម្ពុជា បានទទួលពាន Best Costume ក្នុងកម្មវិធីប្រកួតសម្រស់ ដែលប្រព្រឹត្តិនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។

ថ្វីត្បិតតែឈុតនោះមានទំហំធំ និងជួបឧបសគ្គពេលបង្ហាញលើឆាកប្រកួតយ៉ាងណា ក៏បវរកញ្ញារូបនោះបានគ្រប់គ្រងស្ថានការបានយ៉ាងល្អ ជាពិសេសឈុតតំណាងជាតិនេះក៏បានថតនៅប្រាសាទអង្គរវត្តដែលរឹតតែទទួលបានការចាប់អារម្មណ៍យ៉ងខ្លាំងពីសំណាក់មហាជន។ តាមរយៈកម្មវិធីប្រកួតសម្រស់ដែលរៀបចំឡើងនៅកម្ពុជានេះ ជាឱកាសផ្សព្វផ្សាយដល់បណ្តាប្រទេសផ្សេងៗជាច្រើនទៀតពីទេសចរណ៍ វប្បធម៌កម្ពុជា៕

អត្ថបទ ៖ គង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner