សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចបរវធិបតី បានលើកឡើងថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ការចាកចេញពីភាពឯកានយោបាយ និងសេដ្ឋកិច្ច ដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។

ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។ សម្តេច បញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក ដែលបានរំលេចក្នុងយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ។

សម្តេចធិបតី បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បន្តថែរក្សាសមិទ្ធផលវិជ្ជមាននានា និងពង្រីកការធ្វើសមាហរណកម្មទៅក្នុងក្របខណ្ឌ នានា ព្រមទាំបន្តថែរក្សាគោលនយោបាយអព្យាក្រឹត ដែលផ្អែកលើគោលការណ៍ច្បាប់ ហើយកម្ពុជានឹងមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណាឡើយ ។

ក្នុងឱកាសនោះ សម្តេចបវរធិបតី បានលើកឡើងថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង ។ ទន្ទឹមនេះ គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយនៃអង្គការសហប្រជាជាតិ បានវាយតម្លៃឱ្យកម្ពុជាឆ្លងផុតនូវការត្រួតពិនិត្យ រយៈពេល ៣ ឆ្នាំម្ដងជាលើកទី២ នៃការចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ។

ជាមួយនឹងការឆ្លងផុតដំណាក់កាលពិនិត្យលើកទី២នេះ កម្ពុជា ត្រូវបានគណៈកម្មាធិការដដែលរបស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ ។ ពិតណាស់ថា ការចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ប្រព្រឹត្តកម្មពិសេស និង ដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO ក៏ដូចជាផលវិបាកមួយចំនួនទៀត ប៉ុន្តែយើងមិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីបានការអនុគ្រោះនោះទេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner