វៀតណាមទាក់ចិត្តសេដ្ឋីៗ២០០នាក់ទៅឈូងសមុទ្រ
បរទេស៖ មហាសេដ្ឋីអឺរ៉ុបជាង២០០នាក់ នឹងទៅទស្សនាឈូងសមុទ្រ Ha Long នៅវៀតណាម តាមរយៈកម្មវិធីបុណ្យអន្តរជាតិមួយ ទាក់ទងនឹងការជិះនាវាទំនើបៗ រយៈពេល១សប្តាហ៍។
បើតាមកាសែត VNpress ចេញផ្សាយកាលពីថ្ងៃចន្ទ អាជ្ញាធរខេត្ត Quang Ninh បាននិយាយថា មហាសេដ្ឋីទាំងជាង២០០នាក់ នឹងទៅចូលរួមមហោស្រព «សិល្បៈដើម្បីអាកាសធាតុ ឈូងសមុទ្រ Ha Long» ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥។
មន្ត្រីខេត្តបានបង្ហាញផែនការ កំណត់កោះ និងឆ្នេរស្ងប់ស្ងាត់ចំនួន៧ ត្រៀមសម្រាប់ដល់មហាសេដ្ឋីអន្តរជាតិ និងភ្ញៀវទេសចរ ដែលចំណាយខ្ពស់ផ្សេងទៀត។
បើតាម VNexpress ដដែល ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៤ ខេត្តមួយនេះទទួលបានភ្ញៀវទេសចរចំនួន ១៦លាន៦សែននាក់ កើនឡើង២០ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ចំនួននេះ ផ្តល់ចំណូលប្រមាណ ១.៥ពាន់លានដុល្លារ។ ភ្ញៀវភាគច្រើនមកពីចិន កូរ៉េខាងត្បូង ឥណ្ឌា និងបារាំង។
ឈូងសមុទ្រ Ha Long ធ្លាប់បានជ្រើសរើស ជាទីតាំងរៀបចំ ពិធីមង្គលការ របស់សេដ្ឋី ផងដែរ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត