យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយគម្រោង Worldwide Veterinary Service កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ទូទាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ហេង បូរ៉ានី អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។

លោកស្រី Martina Mayr និងលោកស្រីបណ្ឌិត Amy Nicole Lewis នៃគម្រោង Worldwide Veterinary Service បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណក្នុងការសហការចូលរួមផ្តល់ការចាក់ថ្នាំជំងឺឆ្កែឆ្កួតនេះ ហើយលោកស្រីរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការនេះក្នុងលុបបំបាត់ជំងឺឆ្កែឆ្កួតប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកស្រី កង គ្រឹស្នា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយគម្រោង Worldwide Veterinary Service ក្នុងការបើកយុទ្ធនាការនេះឡើង ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វ គ្រប់គ្រងជំងឺឆ្លង និងគ្រប់គ្រងកំណើនសត្វចិញ្ចឹមប្រកបដោយមនុស្សធម៌ក្នុងប្រទេសកម្ពុជា។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ក្រោមកិច្ចសហប្រតិបត្តិការនេះនឹងអាចឈានដល់សម្រេចបាននូវគោលដៅក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា និងពិភពលោកផងដែរ។

លោកស្រី ហេង បូរ៉ានី អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគម្រោង ក្នុងការបើកយុទ្ធនាការនេះឡើង ដែលមានសារៈសំខាន់ក្នុងការពារជំងឺឆ្លង និងបញ្ឈប់នូវការរីករាលដាលនៃមេរោគឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ។

លោកស្រី បានបន្ថែមថាក្នុងឆ្នាំ ២០២៤ នេះគឺជាយុទ្ធនាការលើកទី០២ ដែលមានសត្វឆ្កែចំនួន ៧៤ ៩៨៣ ក្បាលត្រូវបានចាក់ថ្នាំការពារ ដែលនេះ ជាជំហានដ៏ធំមួយសម្រាប់ការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយយើងត្រូវសហការ រួមគ្នាបង្កើនការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំជាតិ ដើម្បីជំរុញលើក​កម្ពស់ក្នុងសកម្មភាពទប់ស្កាត់ និងលុបបំបាត់ជំងឺឆ្កែឆ្កួត ដោយពង្រីកការ​អប់រំ ផ្សព្វផ្សាយ ណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ដោយជំងឺនេះជាបញ្ហាមួយ​គួរឱ្យព្រួយបារម្ភ និងជាអាទិភាពក្នុងតំបន់ ក៏ដូចជាសាកលលោកទាំងមូល៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner