ទឹកធ្លាក់ឡែងកៅ ក្លាយជាគោលដៅទេសចរណ៍ថ្មី របស់ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅរយៈមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិឆ្ពោះទៅកាន់ទីរួម ខេត្ត មណ្ឌលគិរី ទឹកធ្លាក់ឡែងកៅ គឺជម្រើសមួយរបស់អ្នកទេសចរក្នុងការចូលលេងកម្សាន្ត ក្នុងចំណោមតំបន់ ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងជីវចម្រុះដ៏សម្បូរបែប និងវប្បធម៌ជនជាតិដើមភាគតិចពូនង(ព្នង)នៅទឹកដី ភាគឦសានរបស់កម្ពុជាមួយនេះ។

ទឹកធ្លាក់ដែលអមទៅដោយព្រៃឈើខៀវស្រងាត់ ទឹកធ្លាក់ និងសត្វព្រៃចម្រុះ កំពុង​ទាក់​ទាញសម្រាប់អ្នកចូលចិត្តធម្មជាតិ និងអ្នកចូលចិត្តការកំសាន្តបែបផ្សងព្រេងនោះ​គឺទឹកធ្លាក់ឡែងកៅដែលស្ថិតនៅសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ទីតាំងមួយនេះកំពុងត្រូវបាន​គេកំពុងរៀប​ចំដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍កន្លែងថ្មី​ដែលមានទំហំ​ផ្ទៃដីជាង ១៨ហិកតា។

ទឹកធ្លាក់មាន៣ដំណាក់ ដែលបានមកពីរឿងព្រេងដ៏ពេញនិយមមួយអំពី​ខ្លាឃ្មុំសង្គ្រោះ​ម្ចាស់វាពីការវាយប្រហារដោយសត្វខ្លានេះ នារដូវខែវស្សា បានបញ្ចេញសម្លេងយ៉ាងរណ្តំដូច តូរ្យតន្រ្តីប្រគុំនៅទីកណ្តាលព្រៃភ្នំ ដែលតែង​រន្ថាន់ចិត្តអ្នកទេសចរកាលចង់ទៅទស្សនា និង ងូតទឹកលេងដើម្បីសម្រាកលំហែកាយនាថ្ងៃឈប់សម្រាក។

ក្នុងសម្តីបែបជាអ្នកស្រុក និងរួមទាំងសម្លៀកបំពាក់ជាជនជាតិដើមភាគតិច​ពូនង(ព្នង)ផង អ្នកនាង ច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ​បាន​ឱ្យដឹងថា៖ ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ព្រេងនិទាន និងមានភាពស្រស់​ស្អាត​ពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស។ពេលនេះភ្ញៀវទេសចរក្នុងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យ តែងសម្រុកចូល​ទស្សនា​ពីទឹកធ្លាក់ដ៏ស្រស់ស្អាតប្រៀបដូចផ្ទាំងគំនូរមួយនេះ។ទីព្រៃដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ គេមិនធ្លាប់ស្គាល់ បានក្លាយជាគោលដៅអ្នកទេសចរ គួរជាទី មោទនភាព​របស់ពួកអ្នកស្រុក។

លោក ទូច តាក អ្នកមើលខុសត្រូវ និងជាអ្នកយាមប្រចាំនៅខាងមុខផ្លូវចូល​នៃទឹកធ្លាក់​ឡែងកៅ បានឱ្យដឹងថាបើប្រៀបធៀបកាលពីមុនឃើញថាកំណើន​ភ្ញៀវទេសចរបានចូលមកទស្សនាច្រើនជាងមុន។កាលពីមុនក្នុងមួយថ្ងៃមានមនុស្ស​តែប្រមាណ២០ទៅ៣០ចូលទស្សនាតែបច្ចុប្បន្នអាចឈានដល់៥០ទៅជាង១០០នាក់។កំណើននេះធ្វើឱ្យសហគមន៍អាចរកថវិការបានប្រសើរជាងមុន និងអ្នកលក់បន្លែ​ផ្លែឈើ ផ្សេងៗក៏បានទទួលចំណូលដូចគ្នា។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងជុំវិញបញ្ហានេះថា៖គម្រោងរេដបូក និង ការលក់ឥណ្ឌទានកាបូនបានជួយលើកស្ទួយជីវភាព​ប្រជា​ពល​រដ្ឋ ឱ្យប្រកបរបរកសិកម្ម ការជួយអភិរក្សព្រៃឈើ មិនបរបាញ់សត្វព្រៃ ដែលទាំងនេះ​បានចូលរួមចំណែកសំខាន់ក្នុងការរក្សាធនធានធម្មជាតិដើម្បីវិស័យទេសចរណ៍នៅថ្ងៃខាងមុខ។

ជាមួយគ្នាតំបន់ទេសចរណ៍បានក្លាយជាប្រភពចំណូលសម្រាប់ប្រជាសហគមន៍ និងក្រសួងបានកំពុងបំផុសប្រជាពលរដ្ឋចូលរួមដាំដើមឈើ សម្អាតអនាម័យ មិនចោលសំរាមពាសវាលកាល និងបំផុសពលរដ្ឋឱ្យប្រកាន់ខ្ជាប់រស់នៅស្អាត​ដែលជាទីផ្តល់នូវសុខភាពល្អ។

លោក នេត្រ វិបុល នាយករងនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹង​ថា អង្គការ WCS បានសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីចុះពិនិត្យ ទីតាំងគោលដៅបៃតង កន្លែងថ្មីទៀតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា សម្រាប់​បង្កើត​ជាសហគមន៍អេកូទេសចរណ៍រួមមាន៖ សហគម ន៍អេកូទេសចរណ៍ទឹកធ្លាក់​ឡែងកៅ​នៅភូមិអណ្តូងក្រឡឹង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ជីអាំង​នៅភូមិពូញ៉ាវ។

ចំពោះការបង្កើតសហគមន៍អេកូទេសចរណ៍ឡែងកៅ គម្រោងរេដបូកកែវ​សីមា​បានគាំទ្រ​ដល់ការដោះ ស្រាយវិវាទនិងបោះបង្គោលព្រំ ការងារកែលម្អផ្លូវចេញចូល​ទៅទឹកធ្លាក់ទាំងបីជាន់ សង់ប្រព័ន្ធលូ បន្ទប់ទឹក ជណ្តើរ ស្លាកសញ្ញា ផ្តល់វគ្គបណ្តុះ​បណ្តាលអំពីការចម្អិនម្ហូប វិធីសាស្ត្រនាំភ្ញៀវ ការរៀបចំភេសជ្ជៈ និងការជ្រើស រើសសមាជិកក្រុម។ បន្ថែមលើនេះ គម្រោងបានជួយសម្របសម្រួល​ឱ្យមានការ​ទទួលស្គាល់ដោយដីកាឃុំ សម្រាប់ គណៈកម្មការសហគមន៍ទេសចរណ៍​ពី​មេឃុំ​សែនមនោរម្យ ហើយលិខិតស្នើសុំបង្កើតនិងលក្ខន្តិកៈ សហគមន៍​ទេសចរណ៍​ក៏បានទទួលស្គាល់ដោយភូមិ ឃុំ ស្រុក និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថាដែនជម្រក​សត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរីគឺជាផ្នែកមួយ​នៃទឹកដី​កំណើត តាំងពីដូនតារបស់ជនជាតិដើមភាគតិចព្នង (ពូនង)។ សម្រាប់ពួកគាត់ ព្រៃឈើនិងធនធានធម្មជាតិផ្សេងៗទៀតគឺជាប្រភពប្រាក់ចំណូលដ៏សំខាន់និងជាតម្លៃ ស្នូលនៃអត្តសញ្ញាណវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងជំនឿសាសនា​របស់​ខ្លួន៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិនរចនា ,សែមបូរិន និងពុធសុខជា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner