អ្នកចម្រៀងប៉ុប Liam Payne ធ្លាក់ពីសណ្ឋាគារស្លាប់

បរទេស៖ តារាចម្រៀងប៉ុបអង់គ្លេស Liam Payne អតីតសមាជិកក្រុម One Direction បានស្លាប់ក្នុងវ័យ៣១ឆ្នាំ ក្រោយពេលធ្លាក់បានចុះពីជាន់ទី៣ នៃសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

មរណៈភាពលោក Liam Payne បានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តជាខ្លាំង និងបានប្រមូលផ្តុំគ្នាកកកុញ នៅជិតកន្លែងកើតហេតុ។ សេចក្តីថ្លែងការណ៍របស់ប៉ូលីស បាននិយាយថា «លោក Liam Payne ជាអ្នកនិពន្ធបទភ្លេង និងអ្នកលេងហ្គីតា ព្រមទាំង ជាអតីតសមាជិកក្រុម One Direction បានទទួលមរណភាព បន្ទាប់ពីធ្លាក់ពីលើសណ្ឋាគារ ជាន់ទី៣»។ ក្រុមសង្គ្រោះបន្ទាន់ព្យាយាមជួយផងដែរ តែមិនមានលទ្ធភាពសង្គ្រោះជីវិតទាន់នោះទេ។ ប្រភពថា Payne ទំនងជាបាក់ឆ្អឹងក្បាល ក្រោយពេលធ្លាក់កម្ពស់ប្រហែល ១៣ ឬ ១៤ ម៉ែត្រ នៅវេលាល្ងាច ថ្ងៃអង្គារ។

ក្រុម One Direction បានផ្ទុះល្បីខ្លាំង ក្នុងឆ្នាំ២០១០ មានសមាជិកសុទ្ធតែជាយុវវ័យ ដោយពេលនោះ រួមមាន Payne, Niall Horan, Harry Styles, Louis Tomlinson និង Zayn Malik ដោយបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រលងទូរទស្សន៍អង់គ្លេសដ៏ល្បី «The X Factor» ។ ពួកគេល្បីខ្លាំងបំផុតលើចម្រៀង What Makes You Beautiful, Story of My Life និង​ Best Song Ever ជាដើម។

គួរបញ្ជាក់ថា តារាចម្រៀងរូបនេះ ទើបបានចូលរួមការប្រគុំតន្ត្រី រៀបចំដោយអតីតមិត្តរួមក្រុម នៅក្នុងទីក្រុង Buenos Aires កាលពីថ្ងៃទី ២ ខែតុលា នេះបើយោងតាមទស្សនាវដ្តី Billboard៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner