មន្រ្តីប្រៃសណីយ៍ និងប្រតិបត្តិការទូរគមនាគមន៍ ទទួលបានបទពិសោធថ្មីៗ​ពាក់ព័ន្ធនឹងជំងឺអេដស៍និងបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ មន្រ្តីក្រសួងប្រៃសណីយល៍ និងទូរគមនាគមន៍ និងប្រតិបត្តិករ ក្រុមហ៊ុន​ទូរសព្ទ​ចល័ត ទទួលបានបទពិសោធថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍​និងបញ្ហា​គ្រឿង​ញៀ​ន នៅក្នុងសិក្ខាសាលាស្តីពី “ការចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍​និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” ។ សិក្ខសាលានេះ ធ្វើឡើង​កាល​ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេ​ខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពី​ឯកឧត្ដម ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្ដមនាយ​ឯកឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងលោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត អង្គភាពក្រោមឱវាទក្រសួង បណ្តាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍ សរុបប្រមាណ ២២០រូប។

មានប្រសាសន៍ នៅក្នុងឱកាសនេះ ឯកឧត្តម ខាយ ឃុនហេង បានថ្លែងអំណរ​គុណ​ដល់វាគ្មិនដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍និងបញ្ហាគ្រឿងញៀន។

ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ មានភាពឆ្លាតវៃ ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើជាប់សង្ស័យ ដែលក្រុម ហ៊ុនរបស់​ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ តាមព្រំដែនគោក ដែនទឹក និងផ្លូវ​អាកាស។ ចំពោះប្រតិបត្តិករទូរគមនាគមន៍ ទូរសព្ទចល័ត ទាំងអស់ ត្រូវចូលរួមក្នុង​ការបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍និងគ្រឿងញៀន ព្រមទាំងបានស្នើដល់ តំណាងប្រតិបត្តិករ​ប្រៃសណីយ៍ ទូរគមនាគមន៍ ត្រូវយក​ចំណេះ​ដឹងថ្ងៃនេះ ផ្សព្វផ្សាយបន្តដល់បុគ្គលិកក្រុមហ៊ុន ដើម្បីបន្តគាំទ្រសកម្ម​ភាព​ជួយសង្គម ក៏ដូចជាសកម្មភាពចូលរួមជាមួយក្រសួងក្នុងការអនវត្តគោលនយោបាយ​ពហុវិស័យរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង (១). ធ្វើបច្ចុប្បន្នភាព​ចំណេះ​ដឹងជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត និងប្រតិបត្តិករវិស័យប្រៃសណីយ៍​និងទូរគមនាគមន៍ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាលអ្នកផ្ទុកមេរោគ​អេដស៍ និងផលវិបាក គ្រោះថ្នាក់និងឥទ្ធិពលនៃគ្រឿងញៀនមកលើក្រុមគ្រួសារ និង​សង្គមជាតិ និង (២). ដើម្បីបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការគាំទ្រចូលរួមបញ្ចប់​អេដស៍​ក្នុងពេលដ៏ខ្លី​ខាង​មុខនេះ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅ​ឆ្លើយ​តបតាមផែនការនិងទិសដៅក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ជាពិសេស​ចំពោះ​ក្រុមគោលដៅប្រឈមខ្ពស់និងទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ ការចរាចរ​ណ៍​​គ្រឿងញៀន ដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិនិងធនធានមនុស្ស ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner