ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិទទួលបានអាហារដើម្បីជីវិត និងអនាគតកាន់តែប្រសើរ”
(ខេត្តកែប)៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ”សិទ្ធិទទួលបានអាហារដើម្បីជីវិត និងអនាគតកាន់តែប្រសើរ” នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្ត តំណាងដ៏ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអបអរសាទរចំពោះកម្មវិធីនេះ ដែលជាសក្ខីភាពនៃការចូលរួមចំណែករបស់រាជរដ្ឋាភិបាលគាំទ្រដល់សកម្មភាពនៃចលនាអង្គការស្បៀង និងកសិកម្មពិភពលោក ដែលមានកាតព្វកិច្ចលើការងារចលនាអោយមានការគិតគូរពីសន្តិសុខ និងសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋ និងមនុស្សជាតិទាំងមូល។
លោកអេះសាន់ ខាបៀរ និងលោកម៉េង ចាន់ធឿន តំណាងកម្មវិធីស្បៀងអាហារពិភពលោក ថ្លែងអំណរគុណក្រសួងកសិកម្ម ដែលបានដឹកនាំរៀបចំ ផ្តល់ការណែនាំការប្រារព្ធពិធីសម្រាប់ឆ្នាំនេះ ដែលនេះជាយុទ្ធសាស្ត្រសំខាន់មួយដោយធានាថាចក្ខុវិស័យរួមស្តីពីបញ្ហាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព បន្តរីកចម្រើន និងឆ្ពោះទៅមុខជាដរាប។ បើតាមលោកទាំងពីរ ទិវាស្បៀងអាហារពិភពលោក ប្តេជ្ញាកសាងប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន រួមគ្នាសម្រេចឱ្យបាននូវភាពប្រសើរទាំង៤ គឺ ៖ ផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានកាន់តែប្រសើរ និងជីវិតរស់នៅប្រសើរសម្រាប់មនុស្សគ្រប់រូប។
ឯកឧត្តម តូច ប៊ុនហួរ តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ដែលបានចូលរួមគាំទ្រ និងសហការជាមួយរដ្ឋបាលខេត្តកែប ព្រមទាំងអង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផលកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀងផងដែរ ។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ត្រូវបន្តយកចិត្តទុកដាក់ បំផុស និងជំរុញការផលិតកសិកម្មសម្រាប់ពាណិជ្ជកម្ម តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ការចូលរួមការពារ ស្តារ និង អនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន និងបន្តប្រឹងប្រែងក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើតគំនិតថ្មីៗក្នុងការបង្កើនផលិតភាពកសិកម្ម និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការបរិភាគ និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនសំដៅប្រយុទ្ធប្រឆាំងនឹងភាពអត់ឃា្លន ការបង្កើតការងារ សុវត្ថិភាពស្បៀងអាហារូបត្ថម្ភ និងកំណើនសេដ្ឋកិច្ចជាតិ ៕
ប្រភព ៖ ក្រសួងកសិកម្ម