មន្ទីររៀបចំដែនដីខេត្តសៀមរាប បូកសរុបការងារប្រចាំឆ្នាំ
សៀមរាប៖សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបានបិទបញ្ចប់កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ក្រោមធិបតីភាពលោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានលើកឡើងថា វិស័យរៀបចំដែនដី និងនគរូបនីយកម្ម គឺជាតួអង្គសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ គោលដៅសំខាន់ៗរបស់មន្ទីររួមមានការរៀបចំប្លង់ប្រើប្រាស់ដីរាជធានី-ខេត្ត និងផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ដី។សម្រាប់ឆ្នាំ ២០២៥ គោលដៅអភិវឌ្ឍន៍នឹងផ្តោតទៅលើការរៀបចំតំបន់រមណីយដ្ឋានអង្គរ និងបន្តការចុះបញ្ជីដីតំបន់បុរាណដ្ឋានដែលមានចំនួន ១១ ៥៥៩ កន្លែងបុរាណដ្ឋានតាមការស្នើសុំរបស់អាជ្ញាធរជាតិអប្សរា។
មានប្រសាសន៍ក្នុងឱកាសនេះដែរលោក ហែន ពុទ្ធី អភិបាលរងខេត្តបានសរសើរការងាររបស់មន្ទីររៀបចំដែនដី ខេត្តសៀមរាប ដែលបានអនុវត្តការងារចុះបញ្ជីក្បាលដីដោយសម្រេចបានលទ្ធផលល្អ ដែលស្របតាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយជាតិកម្ពុជា។ លោកក៏បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរនានាចូលរួមសហការជាមួយមន្ទីរ ដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសក្នុងការចុះបញ្ជីដីក្នុងបរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្ត។
លោកក៏បានផ្តល់អនុសាសន៍ល្អៗជាច្រើនដល់មន្ត្រីប្រតិបត្តិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឱ្យការចុះបញ្ជីដីធ្លីនៅតំបន់ ៣ និងតំបន់ ២ បឹងទន្លេសាប និងតំបន់បុរាណដ្ឋានតាមសំណើរបស់អាជ្ញាធរជាតិអប្សរា អាចបញ្ចប់បានត្រឹមត្រូវនៅឆ្នាំ ២០២៥៕
ដោយ៖ប៊ុនរដ្ឋា