អភិបាលខេត្ត៖ អុំទូកខេត្តបាត់ដំបងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីសមិទ្ធផលថ្មី និងការអភិវឌ្ឍរបស់ខេត្ត

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធបើកពិធីប្រណាំងទូក និងបណ្ដែតប្រទីបជាផ្លូវការកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៤ នៅតាមដងស្ទឹងសង្កែ ក្រុងបាត់ដំបងដែលមាន ទូកចូលរួម​ប្រកួតប្រជែងចំនួន៤២ទូក និងកីឡាករ-កីឡា​ការិនីចំនួន ១ ៤៩០​នាក់។ពិធីនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែតុលា​ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

ក្នុងពិធីបើកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍​ថា ក្នុងព្រឹត្តិការណ៍​បុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំនេះដែរ គណៈកម្មការ​ខេត្តបានរៀបចំនូវកម្មវិធីមួយចំនួនមាន ការប្រណាំងទូក​ បណ្ដែត​ប្រទីប បង្ហោះ​គោម បាញ់កាំជ្រួច ការតាំងពិព័រណ៍​ផលិតផល និងការប្រគំតន្ត្រី ។ឯកឧត្តមបន្តថា ការរៀបចំព្រឹត្តិការណ៍នេះពុំត្រឹមតែ​ជា​ការថែរក្សា អភិរក្សទំនៀមទម្លាប់ប្រពៃណី​ពីដូនតានិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តបាត់ដំបងប៉ុណ្ណោះទេ តែក៏​ដើម្បីបង្កើត​បរិយាកកាសសប្បាយរីករាយជូន​ប្រជាជននៅក្នុងខេត្តផង និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជា​ពលរដ្ឋ​ពីទី​ជិត​ឆ្ងាយ​បានមកទស្សនាកម្សាន្ត និងបានឃើញសមិទ្ធផលនានា នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងមាន​ការអភិវឌ្ឍ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានរំលេចពីសមិទ្ធផលនានាថា ដូចជាទីធ្លាសួនច្បារសាធារណៈជាច្រើនកន្លែង​សម្រាប់ដើរហាត់​ប្រាណ ,សួនសម្តេចក្រឡាហោម ,វិមានឯករាជ្យ ,សួនធ្នង់៥៣វិមានឯករាជ្យ ,ការរៀបចំសោភណភាពច្រាំងស្ទឹងសង្កែ ,ការស្តារ​ប្រព័ន្ធលូដែលជា​គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី,ការក្រាលកៅស៊ូផ្លូវក្នុងក្រុង ,ការរៀបចំសួនច្បារ ,ការដាក់បង្គោលភ្លើងចរាចរណ៍ ,ការរៀបបចំ​ភ្លើងបំភ្លឺសាធារណៈនៅតាមដងផ្លូវនិងតាមសួនសាធារណៈត្រើយខាងលិចស្ទឹងសង្កែ ,ការសង់បន្ទប់ទឹកអនាម័យ ,ការកែលម្អការពង្រីកនូវ​បណ្តាញអគ្គិសនីនិងទឹកស្អាតជាដើម។ការអភិវឌ្ឍនេះ បានបង្កបរិយា​កាសដល់ការវិនិយោគ ឱ្យ​កាន់តែ​ប្រសើរ​ឡើងនិងដើម្បីចូលរួម​ចលនាប្រឡងប្រណាំងទីក្រុងស្អាត ដែលខេត្តបាត់ដំបងតែង​បានទទួលពានរង្វាន់និងជ័យលាភី​ជា​បន្តបន្ទាប់។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យខេត្តបាត់ដំបងមាន​ការរីកចម្រើនជាបន្តបន្ទាប់ និងមានឱកាសរៀបចំពិធីបុណ្យ​ផ្សេងៗ​គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបគតិបណ្ឌិត​របស់សម្ដេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមកនូវ​សុខសុវត្ថិភាព សន្តិភាព ស្ថិរភាពនយោបាយល្អនិងបាន​ផ្ដល់ឱកាស​ដល់ការអភិវឌ្ឍ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner