ការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតី ជាការគាស់ រំលើងក្បាច់គុនបុរាណដូនតាខ្មែរ ឱ្យងើបឡើងវិញ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជុំវិញការបង្កើត ឱ្យមានការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់ សម្តេចបវធិបតី ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ មិនមែនផ្តោតសំខាន់តែការប្រកួតនោះទេ តែសម្តេច ចង់គាស់រំលើងក្បាច់គុនបុរាណរបស់ដូនតាខ្មែរផ្សេងៗទៀត ក្រៅពីគុណខ្មែរ និងល្បុក្កតោ ដែលស្ទើតែរលុបបាត់ ឱ្យរស់ឡើងវិញ ដើម្បីបង្ហាញទៅប្រជាពលរដ្ឋ និងយុវជន និងចងក្រងជាឯកសារ ។
នៅក្នុងឱកាស អញ្ជើញពិនិត្យលើការត្រៀមការប្រកួតកីឡា យុទ្ធគុនចម្រុះបុរាណខ្មែរ ពានង្វាន់សម្តេចធិបតី ដែលជា សកម្មភាពក្រៅផ្លូវការរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី រសៀលថ្ងៃពុធ ទី១៦ តុលា ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “គំនិតនេះ ខ្ញុំធ្លាប់មាន ប្រហែលជា ៥ ទៅ ៦ឆ្នាំហើយ តាំងពីនៅកងទ័ព កាលនោះ បបួលខាងទូរទស្សន៍មួយចំនួនរៀបចំធ្វើ ប៉ុន្តែយើង អត់ទាន់ចេញ គិតថា យើងធ្លាប់មានតែគុនខ្មែរជាមួយគុនខ្មែរ ល្បុក្កតោ ជាមួយល្បុក្កតោ យើងសាក Mix Martial Art ប៉ុន្តែក្នុងក្របខណ្ឌក្បាច់គុនខ្មែររបស់យើង ថ្ងៃនេះ បានរៀបចំចេញ ។
សម្ដេចសូមអរគុណដល់ឯកឧត្តម ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន ក្រុមការងារក្នុងការរៀបចំ ហើយអរគុណណាស់ ចំពោះ បងប្អូនទាំងអស់ ដែលបានចូលរួម នៅក្នុងកិច្ចការប្រកួត លើកនេះ ជាលើកទី១ ដែលយើងរៀបចំ”។ ក្នុងនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា “គោលដៅធំ មិនមែនតែការប្រកួតនេះទេ គោលដៅធំ នៃការប្រកួតក្បាច់គុនបុរាណខ្មែរនេះ គឺ គោលដៅទី១ ចង់ឱ្យយើងប្រមូលក្បាច់គុណទាំងអស់ ដើម្បីបង្ហាញ ទៅប្រជាពលរដ្ឋយើង យុវជនយើង សូម្បីតែគណៈកម្មការយើងក៏ចង់ដឹងដែរថាតើមានក្បាច់គុនខ្មែរ ដែល នៅលើទឹកដីខ្មែរយើង មានប៉ុន្មានប្រភេទដែលនៅសល់ រាល់ថ្ងៃយើងឃើញ តែល្បុក្កតោ យើងឃើញគុនខ្មែរល្បី ព្រោះមានទីផ្សារ ចុះក្បាច់គុណផ្សេងទៀត ជួនកាលក្បាច់គុណខ្លះ ដែលសឹងតែផុតទៅហើយ នៅក្នុងភូមិណាមួយនោះ ចង់ឱ្យឱកាសចូលមកវិញ ។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា ទី២ គឺជួយបំផុសនូវក្បាច់គុណ របស់យើង ដែល បងប្អូនបានហ្វឹកហ្វឺនតាមក្លឹបខុសៗគ្នា ឥឡូវចូលមកប្រកួតគ្នា ទាំងសម្តែងទាំងប្រយុទ្ធ ដើម្បីយើងអាចផ្លាស់ប្តូរបទពិសោធន៍ផង បង្កើនមិត្តភាពថ្មីផង ហើយមួយទៀត សម្រាប់ ជួយដល់ការចងក្រង ព្រោះឥឡូវយើង បានបង្កើតគណៈកម្មការស្រាវជ្រាវចង់ក្រង ក្បាច់ គុនខ្មែរ ដែលខ្ញុំចុះហត្ថលេខាបង្កើតនៅខែមុន ឯកឧត្តម វ៉ាត់ ចំរើន ជាប្រធាន ហើយអញ្ជើញលោកគ្រូ ព្រឹទ្ធាចារ្យចាស់ទុំ ដែលមាន ដើម្បីមកចងក្រងទុកឯកសារ ព្រោះការរៀបចំចងក្រង ការបំផុសអភិរក្ស ជំរុញលើកស្ទួយ មាន ៣ដំណាក់កាល ៣ សកម្មភាពសំខាន់ ទី១គឺចងក្រង ទី២គឺផ្សព្វផ្សាយ ទី៣ដាក់ឱ្យអនុវត្ត ចឹងចង ក្រងសំខាន់ណាស់ ។
សម្ដេចធិបតី បន្ថែមថា ការប្រកួតថ្ងៃនេះ សង្ឃឹមថា ក្បាច់គុនមួយចំនួន ដែលយើងហៅថា គ្មានហាងឆេង ដែលមិនមានការប្រកួតទូលំទូលាយ ដែលមិនអាច រៀបចំការប្រកួតបាន តែ នៅមានអ្នកអនុវត្តប្រត្តិបត្តិ នៅតាមភូមិខ្លះ បើសិនជាអត់មានទេគឺអាចបាត់ទៅ មាន ឱកាស ចូលមក ដើម្បីសម្តែងបង្ហាញ ហើយសំខាន់ ភ្ជាប់ជាមួយក្រុមការងារ ដើម្បីយើងដឹង យើង ចាប់ផ្តើមស្រាវជ្រាវបន្ថែម ចងក្រងឡើងវិញ ៕
ដោយ ៖ វណ្ណលុក