ឥណ្ឌាបង្វែរទិសយន្តហោះ ក្រោយរងការគំរាមគ្រាប់បែក
បរទេស៖ យន្តហោះឥណ្ឌាមួយគ្រឿងដឹកមនុស្ស ១៨៤នាក់ បានបង្ខំចិត្តបង្វែរទិសដៅ ក្រោយមានការគំរាមកំហែងគ្រាប់បែក បោកបញ្ឆោត កាលពីថ្ងៃពុធ។
ជើងហោះហើរ Akasa Air ដែលកំពុងហោះហើរ ពីរដ្ឋធានី New Delhi ទៅកាន់ទីក្រុង Bengaluru ភាគខាងត្បូង «បានទទួលការជូនដំណឹងអំពីសុវត្ថិភាព»ហើយជើងហោះហើរ ត្រូវបានបញ្ជាឱ្យត្រលប់មកវិញ ជា «ការប្រុងប្រយ័ត្ន» ។
ក្រុមហ៊ុនអាកាសចរណ៍ Akasa Air បាននិយាយថា កាពីទែន បានអនុវត្តតាម «នីតិវិធីសង្គ្រោះបន្ទាន់ទាំងអស់ ដែលទាមទារសម្រាប់ការចុះចត ប្រកបដោយសុវត្ថិភាព នៅទីក្រុងដេលី»។
ជើងហោះហើរមួយទៀត ដែលជាក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក ហោះហើរពីទីក្រុងបុមបៃ ទៅកាន់ទីក្រុង New Delhi ត្រូវបានបង្វែរ ទៅទីក្រុង Ahmedabad ក្នុងរដ្ឋ Gujarat ផងដែរ។
ប្រធានការិយាល័យសន្តិសុខអាកាសចរណ៍ស៊ីវិល បានប្រាប់កាសែត Times of India ថា ប៉ូលីសកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពិរុទ្ធជន។
កាសែត Indian Express បានរាយការណ៍ថា ជើងហោះហើរក្នុងស្រុក និងអន្តរជាតិចំនួន ១២ បានទទួលការគម្រាមកំហែង ដោយគ្រាប់បែក ចាប់តាំងពីថ្ងៃចន្ទ រួមទាំងសារ មួយចំនួនដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែ ទាំងអស់នេះ សុទ្ធតែជាការជូនដំណឹងមិនពិត។ រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលីសបានចាប់ខ្លួនអនីតិជនទទួលខុសត្រូវចំពោះការចេញសារគំរាមកំហែងដោយគ្រាប់បែក សំដៅទៅលើជើងហោះហើរ ចំនួនបី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត