សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២៤នេះ បានដឹកនាំគណៈប្រតិជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។
មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត ៧០០លាននាក់។
ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA ជាការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាពនិងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ព្រុយណេដារុយសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”។
អំឡុងពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងចូលរួមកិច្ចប្រជុំសំខាន់ៗ រួមមាន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា លើកទី៤៥ ចូលរួមពិធីបើកជាផ្លូវការមហាសន្និបាតលើកទី៤៥ ចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ ចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកានៃអ្នកនយោបាយរបស់វ៉ាយប៉ា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាត ជាដើម។
ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការងារការទូតសភាជាមួយបណ្តាថ្នាក់ដឹកនាំគណៈប្រតិភូសភាជាមិត្តផ្សេងៗទៀត នៅក្នុងនោះមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាថៃ និងគណៈប្រតិភូមួយចំនួនទៀតដែលអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៥ នេះ៕
ដោយ ៖ ហេង សម្បត្តិ