ក្រុមហ៊ុន Cambodia Angkor Air ស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿង ជូន​ក្រសួងទេសចរណ៍ប្រសិទ្ធិនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ

ភ្នំពេញ៖ ខណៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air បានលើកឡើងពីស្ថានភាពអាជីវកម្មក្រុមហ៊ុន បញ្ហា​ប្រឈម និងស្នើសុំអនុសាសន៍លើគម្រោងផែនការអាជីវកម្មរបស់ក្រុម​ហ៊ុននាឆ្នាំ​ខាងមុខដែលគ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ពីទីក្រុងធំៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈ​ការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិន មកទស្សនាប្រទេសកម្ពុជា ។

ក្នុងជំនួបនេះដែរ ខាងក្រុមហ៊ុនបានគោរពស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿង ក្នុង​ចំណោមយន្តហោះចំនួន ៥គ្រឿងដែលក្រុមហ៊ុននឹងទិញជូនក្រសួងទេសចរណ៍​ប្រសិទ្ធិនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ ហើយក្រសួងក៏បាន​ឯកភាពតាមសំណើរបស់ក្រុមហ៊ុន ។

លោកបណ្ឌិត ក៏សូមសន្យាជូន ឯកឧត្តមរដ្ឋមន្រ្តីនឹងជួយបន្តផ្សព្វផ្សាយពីសក្តានុពល​ទេសចរណ៍របស់កម្ពុជាដល់ប្រជាជនចិនឱ្យបានទូលំទូលាយ និងរៀបចំវេទិកាជំនួប​ធុរកិច្ចរវាងអ្នកវិនិយោគិនចិន ដើម្បីទាក់ទាញវិនិយោគបន្ថែមពីប្រទេសចិន​នៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែអំណរគុណ ដល់ ក្រុមហ៊ុន Cambodia Angkor Air ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាតាមរយៈការផ្តល់​យន្តហោះថ្មី១គ្រឿង ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវ​ទេសចរ​បរទេសជាច្រើនមកទស្សនាប្រទេសកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner