ជាងមួយលាននាក់ បានមកលេងបុណ្យអុំទូក២ថ្ងៃ នៅខេត្តបាត់ដំបង
បាត់ដំបង៖ពិធីបុណ្យអុំទូកនិងបណ្ដែតប្រទីបខេត្តបាត់ដំបង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤បានបិទបញ្ចប់ ប្រកបទៅដោយភាពដ៏អស្ចារ្យនិងជោគជ័យក្រោមបរិយាកាសសប្បាយរីករាយ។តាមរយៈព្រឹត្តិការណ៍ជាទំនៀមទម្លាប់ប្រពៃណី ប្រចាំឆ្នាំនេះ ខេត្តបាត់ដំបងទាក់ទាញទេសចរជាតិ អន្តរជាតិបានជាងមួយលាននាក់មកទស្សនា និងដើរកម្សាន្ត។
បន្ទាប់ពីបិទបញ្ចប់ពិធីបុណ្យអុំទូកដ៏សែនសប្បាយរីករាយ លោក ហម អរុណ អនុប្រធានមន្ទីរនិងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ពិធីបុណ្យអុំទូកពីរថ្ងៃឆ្នាំនេះ ខេត្តបាត់ដំបង ទាក់ទាញប្រជាពលរដ្ឋជិតឆ្ងាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១លាន ១៧ម៉ឺននាក់។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិជិត៥០០នាក់។
ប្រជាពលរដ្ឋដែលបានមកចូលរួមមកទស្សនា និងកម្សាន្តក្នុងបុណ្យអុំទូកបានសរសើរ អុំទូកឆ្នាំខេត្តបាត់ដំបងធ្វើបានល្អ។ បរិយាកាស សប្បាយរីករាយនិងប្លែកភ្នែកគួរឱ្យគយគន់។ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ដែលរៀបចំឱ្យមានពិធីបុណ្យអុំទូកពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អ កាន់តែសប្បាយរីករាយ។
សូមបញ្ជាក់ថាឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខ្នាតធំ ប្រទីបដូនតា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ខែតុលានៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង។ពេលរាត្រីមានកម្មវិធីមួយចំនួន ដូចជាការដាក់តាំងបណ្ដែតប្រទីប ការបង្ហោះគោម បាញ់កាំជ្រួច ការតាំងពិព័រណ៍ផលិតផលនិងការប្រគំតន្ត្រីជាដើមនៅរាត្រីថ្ងៃបញ្ចប់ពិធីបុណ្យអុំទូក ក៏មានក្បួនដង្ហែប្រទីបដូនតា ធ្វើពីដើមចេក ស្លឹកចេក និងកន្ទោងប្រទីប ដើម្បីជាការបង្ហាញនិងបង្កើតភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដែលមកកម្សាន្ត៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)