ធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យប្រើប្រាស់ វ័នកាត ដំបូងគេនៅកម្ពុជា
ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ បានបោះជំហ៊ានទៅមុខដ៏សំខាន់មួយទៀតជាមួយនឹងការដាក់ឱ្យដំណើរការនូវកាតមួយដែលមានមុខងាររហូតដល់ទៅពីរ ។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតមួយនេះរួមបញ្ចូលគ្នានូវភាពងាយស្រួលនៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយ ដោយផ្តល់ជូនអតិថិជននូវភាពបត់បែន និងសេវាកម្មកាន់តែប្រសើរឡើង ។
ពិធីនេះបានប្រព្រឹត្តិទៅនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។
គំនិតផ្តួចផ្តើមនេះគឺជាចក្ខុវិស័យរួមគ្នានៃធនាគារ វីង និងក្រុមហ៊ុនម៉ាស្ទ័រកាត ក្នុងការបង្កើតនូវអនាគតមួយប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល ក៏ដូចជាភាពជិតស្និតសម្រាប់ប្រជាជនកម្ពុជា ។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា ៖ “តាមរយៈដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ យើងមានគោលបំណងគាំទ្រទៅដល់អតិថិជនរបស់យើង និងធ្វើឱ្យបទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញវត្តុកាន់តែមានភាពប្រសើរឡើង។ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងដើម្បីផ្តល់នូវដំណោះស្រាយទូទាត់ដែលលឿនរហ័ស គ្មានការរំខាន និងមានសុវត្ថិភាព ដែលអាចប្រើប្រាស់សាច់ប្រាក់បានភ្លាមៗគ្រប់ពេលវេលា គ្រប់ទីកន្លែង ។”
ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំនាញជាសាកលរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា ។ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង គឺជាកាតដែលត្រូវបានរចនារូបរាងជាកាតគ្មានលេខ ដើម្បីការពារព័ត៌មានសំខាន់ និងកាត់បន្ថយហានិភ័យពីការក្លែងបន្លំ ឬការលួច។ បច្ចេកវិទ្យាឈានមុខនេះ ដែលត្រូវបានប្រើប្រាស់យ៉ាងជោគជ័យនៅក្នុងទីផ្សារផ្សេងៗទៀតដូចជាសិង្ហបុរី និងហ្វីលីពីនជាដើម ដោយបានពង្រឹងសុវត្ថិភាពពេលធ្វើប្រតិបត្តិការ ទាំងនៅលើអ៊ីនធឺណិត និងខាងក្រៅប្រព័ន្ធអ៊ីនធឺណិត ដោយកាត់បន្ថយការពឹងផ្អែកលើលេខកាត ហើយជំនួសមកវិញនូវការប្រើប្រាស់បច្ចេកវិទ្យាតុខិន “Tokenized”។ សម្រាប់ប្រតិបត្តិការអ៊ីនធឺណិតម្ចាស់ប័ណ្ណក៏អាចផ្ទៀងផ្ទាត់អត្តសញ្ញាណ តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារមុនពេលអនុម័តការធ្វើប្រតិបត្តិការនីមួយៗផងដែរ។
តាមរយៈការផ្តល់ដំណោះស្រាយការទូទាត់ដែលប្រកបដោយសុវត្ថិភាព និងភាពច្នៃប្រឌិត ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង អនុញ្ញាតឱ្យអតិថិជនប្រើប្រាស់សាច់ប្រាក់យ៉ាងងាយស្រួល ស្របពេលដែលទទួលបាននូវការការពារកម្រិតខ្ពស់បំផុត។ វារួមបញ្ចូលនូវកម្រិតសុវត្ថិភាពជាច្រើន ដែលរួមមាន៖ ការត្រួតពិនិត្យប្រតិបត្តិការបានតាមពេលវេលាជាក់ស្តែង ដើម្បីការពារម្ចាស់ប័ណ្ណពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងពង្រឹងសុវត្ថិភាពការទូទាត់ទាំងមូល។
លោកស្រី វីនី វង្ស (Winnie Wong) អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម ឡាវ និងកម្ពុជា បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជានៅតែបន្តទទួលយកការផ្លាស់ប្តូរឌីជីថល ខណៈដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងមានលំនឹង ហើយអតិថិជនប្រើប្រាស់ក៏កំពុងស្វែងរកមធ្យោបាយដែលអាចផ្ដល់នូវភាពបត់បែន មានសុវត្ថិភាព និងភាពងាយស្រួលដើម្បីធ្វើប្រតិបត្តិការទូទាត់ប្រាក់។ ទន្ទឹមគ្នានេះដែរ ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង ផ្តល់នូវភាពបត់បែន និងមានសុវត្ថិភាពដែលអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងពេញលេញ និងគ្មានក្ដីបារម្ភនោះឡើយ។
លោកស្រីបានបន្តថា៖ “ក្នុងនាមយើងជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្មទូទាត់ប្រាក់ ក្រុមហ៊ុន ម៉ាស្ទ័រកាតបានប្តេជ្ញាចិត្តជំរុញការចូលរួមរបស់សេដ្ឋកិច្ចឌីជីថលនានា ហើយចំពោះកិច្ចសហការជាមួយធនាគារ វីង នេះ បានគូសបញ្ជាក់អំពីបេសកកម្ម ដោយផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជាផងដែរ។”
ម៉ាស្ទ័រកាត វ័នកាត ធនាគារ វីង មានពីរជម្រើសដ៏ប្រណិតគឺផ្លាទីនីម និងហ្គោល ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ កាតទាំងពីរនេះ មានមុខងារសេវាអតិថិជនតាមរយៈអេប និងការគ្រប់គ្រងគណនីបានភ្លាមៗតាមរយៈអេប Wing Bank ដែលធ្វើឱ្យម្ចាស់កាតអាចគ្រប់គ្រង និងប្រើប្រាស់សេវាកម្មផ្សេងៗភ្លាមៗដោយគ្រាន់តែចុចលើអេបប៉ុណ្ណោះ។
ជាមួយ ផ្លាទីនីម វ័នកាត អតិថិជនអាចទទួលបានកម្ចីដល់ទៅ ៥០.០០០ ដុល្លារអាមេរិក ដែលជួយដល់ការចំណាយផ្សេងៗ ហើយអាចដកសាច់ប្រាក់ដល់ទៅ ៥០% នៃទំហំកម្ចីសរុប។ សម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់ ក៏អាចចូលទៅប្រើប្រាស់សាលរង់ចាំប្រភេទ Plaza Premium ចំនួន ៨ដងក្នុងមួយឆ្នាំនៅតាមអាកាសយានដ្ឋានអន្តរជាតិទូទាំងពិភពលោក។ ពិសេសជាងនេះទៅទៀត ផ្លាទីនីម វ័នកាត ក៏ផ្តល់ជូនអត្ថប្រយោជន៍ ក្នុងការធ្វើដំណើរដ៏ច្រើនថែមទៀតរួមមាន៖ កញ្ចប់ធានារ៉ាប់រងអាយុជីវិតដល់ទៅ ១លានដុល្លារអាមេរិក កញ្ចប់សុខភាពដល់ទៅ ៥០០.០០០ ដុល្លារអាមេរិក និងសំណងពីការលុបចោលជើងហោះហើរដល់ទៅ ៣.០០០ ដុល្លារអាមេរិក។
ចំណែកឯ ម៉ាស្ទ័រកាត ហ្គោល វ័នកាត វិញ ផ្តល់ជូនកម្ចីទៅដល់ម្ចាស់កាតរហូតដល់ទៅ ៥.០០០ ដុល្លារអាមេរិក ហើយថែមទាំងអាចដកសាច់ប្រាក់បានមុន ៥០% នៃទំហំកម្ចីសរុប។ ម្ចាស់កាតក៏អាចរីករាយជាមួយការប្រើប្រាស់សាល់រង់ចាំប្រភេទ Plaza Premium ចំនួន ២ដង ក្នុងមួយឆ្នាំនៅតាមអាកាសយានដ្ឋានទូទាំងពិភពលោក។ បន្ថែលើនេះ ម៉ាស្ទ័រកាត ហ្គោល វ័នកាត ផ្តល់កញ្ចប់ធានារ៉ាប់រងអាយុជីវិតដល់ទៅ ៥០០.០០០ ដុល្លារអាមេរិក កញ្ចប់សុខភាពដល់ទៅ ២៥០.០០០ដុល្លារអាមេរិក និងសំណងសម្រាប់ការលុបចោលជើងហោះហើររហូតដល់ទៅ ១.៥០០ ដុល្លារអាមេរិក។
កាតទាំងពីរនេះផ្តល់ជូននូវការអនុគ្រោះមិនបង់ការប្រាក់រយៈពេល ៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។ រាល់ការប្រើប្រាស់កាតទាំងពីរនេះ មិនមានការគិតថ្លៃសេវាប្រចាំសម្រាប់ឆ្នាំដំបូងឡើយ ហើយប្រសិនបើម្ចាស់កាតធ្វើប្រតិបត្តិការច្រើនជាង ១២ដង នឹងទទួលបានការលើកលែងថ្លៃសេវានៅឆ្នាំទី២ ថែមទៀត៕ ដោយ គ្រី សម្បត្តិ