ក្រុមហ៊ុនជប៉ុនចំនួន១១ ចាប់អារម្មណ៍មកពិនិត្យផ្ទាល់ពី​សក្ដានុពល​វិនិយោគនៅកម្ពុជា បន្ទាប់ពី​បទបង្ហាញដោយ​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំប្រទេសជប៉ុន និងមន្ត្រីពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំសហការីចូលរួមធ្វើបទបង្ហាញនៅក្នុង​សិក្ខាសាលា ស្តីអំពី “បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា” ដែល​ប្រព្រឹត្ត​ទៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ Overseas Investment Expo ក្នុងទីក្រុងតូក្យូ ។សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីប្រធាន​ក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុន ប្រមាណ ៤០នាក់ ដែលប្រព្រឹត្ត​ទៅនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ដោយឡែកព្រឹត្តិការណ៍ពិព័រណ៍ Overseas Investment Expo ត្រូវបានគេរាយការណ៍ថា មានស្តង់ចំនួន ១០៥ ចូលរួមពីបណ្តា​ក្រុមហ៊ុន និងសហគ្រាសធំៗ មកពីប្រទេស​ចំនួន ១៦ ក្នុងនោះមាន ៧ប្រទេស រួមទាំងកម្ពុជាផងដែរ មកពីតំបន់អាស៊ាន ។

ក្នុងឱកាសនេះឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានរំលឹកអំពីទំនាក់​ទំនង​ការទូតរវាងកម្ពុជា-ជប៉ុន ដែលរហូតមកដល់បច្ចុប្បន្ន ចំណង​មិត្តភាពទ្វេភាគីកម្ពុជា និងជប៉ុន ត្រូវបានដំឡើងទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។

ឯកឧត្តម ទុយ រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយ​ក្រសួង-ស្ថាប័នជប៉ុន អង្គការ ជេត្រូ (JETRO) មជ្ឈមណ្ឌល​អាស៊ាន​-ជប៉ុន ព្រមទាំងសមិទ្ធផល និងសកម្មភាពនានារបស់ស្ថានទូត ដែលបានរៀបចំកន្លងមក និងបានកំពុងអនុវត្តបន្តទៀត តាម​យុទ្ធសាស្រ្ត​ការទូតសេដ្ឋកិច្ចកម្ពុជា ជាពិសេសពិព័រណ៍កម្ពុជា ដែលទើបបានបញ្ចប់ដោយជោគជ័យកាលពីខែឧសភា ការរៀបចំ​សិក្ខាសាលាវិនិយោគ កាលពីខែសីហា ថ្មីៗនេះ ទិវាវប្បធម៌ ពិធីបុណ្យ​ជាតិ និងពិធីសាសនាផ្សេងៗជាដើម។

ឯកអគ្គរាជទូតកម្ពុជាបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ចំពោះវិនិយោគិនជប៉ុនដែល បាន​កំពុងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដោយក្នុង ១ឆ្នាំ ២ដង រាជរដ្ឋា​ភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀប​ចំវេទិកា ជួបពិភាក្សា ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាកង្វល់ជូន​ធុរជន និងអ្នកវិនិយោគជប៉ុន ដែលមានការចូល រួមដោយ ឯកអគ្គរដ្ឋ​ទូត​ជប៉ុន ប្រចាំកម្ពុជា ធុរជន និងអ្នកវិនិយោគជប៉ុននៅទីនោះ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានជំរុញនិងលើកទឹកចិត្តអ្នក​វិនិយោគិន​ជប៉ុន ឱ្យពិនិត្យលទ្ធភាពទៅដាក់ទុនវិនិយោគ និងធ្វើធុរកិច្ច ពាណិជ្ជកម្មនៅប្រទេសកម្ពុជា ក៏ដូចជាអញ្ជើញប្រជាជនជប៉ុនទៅ​ទស្សនា​កម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។

នៅក្នុងសិក្ខាសាលានោះទៀត តាមរយៈការធ្វើបទបង្ហាញរបស់ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជា ដែល ជាវាគ្មិន​ក្នុងកម្មវិធីសិក្ខាសាលានេះ បាននាំឲ្យអ្នកវិនិយោគិន និងធុរជនជប៉ុន ដែលបានចូលរួមទាំងអស់ បានជ្រាប និងកាន់ តែយល់ ច្បាស់អំពីស្ថាន​ភាព​សេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសអំពីឱកាសវិនិយោគ និងសក្ដានុពល វិនិយោគនៅកម្ពុជា រួមទាំង ច្បាប់ស្ដីពីវិនិយោគនៅ​កម្ពុជា របបវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ កិច្ចសម្រួល​វិនិយោគ ការលើកទឹកចិត្តវិនិយោគ និងសេវាថែទាំវិនិយោគផងដែរ។

បន្ទាប់ពីបានចូលរួមស្តាប់ការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះរួម មានក្រុមហ៊ុន ចំនួន៦ ត្រូវបានគេបញ្ជាក់ថា បានមាន ការចាប់​អារម្មណ៍​ខ្ពស់ អំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ពី​គម្រោងអញ្ជើញទៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ ស្ថានភាពជាក់​ស្តែង​បន្ថែមទៀត ក្នុងទិសដៅពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា នៅក្នុងខែខាងមុខ។ ដោយឡែកក៏នៅមាន ក្រុមហ៊ុនចំនួន ៥ ផ្សេងទៀត នឹងពិចារណាទៅទស្សនានៅកម្ពុជា ក្នុងលក្ខណៈ​ទេសចរណ៍ផងដែរ ៕
អត្ថបទ ៖ គង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner