រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍ក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣ នៅទីក្រុងចឹងចូវ ប្រទេសចិន

ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពី​ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ​ក្រសួងទេស​ចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជាអញ្ជើញចូល​រួម​ព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ វត្តមានរបស់ឯកឧត្តម ហួត ហាក់ គឺ​តបតាមការអញ្ជើញ​របស់រដ្ឋបាល​ប្រជាជនខេត្តហឺណាន និងសមាគមក្បាច់គុនវូស៊ូ (Wushu) នៃទីក្រុងចឹងចូវ។

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន កីឡាករ ក្បាច់គុនចម្រុះ និងកីឡាករក្បាច់គុនសៅលីញវូស៊ូ (Wushu Shaolin) មកពីប្រទេស​ចិន ប្រទេសក្នុងតំបន់ និង ពិភពលោក សរុបប្រមាណជាង ១២០០​នាក់។

ក្នុងនាមជាភ្ញៀវកិត្តិយស ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ នឹងអញ្ជើញ​ថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ ពិធីបុណ្យក្បាច់​គុនសៅលីញ​វូស៊ូអន្តរជាតិ លើកទី១៣ និងកម្មវិធីគុនល្បុក្កតោ កម្ពុជា-ហឺណាន (Henan and Cambodia Bokator Martial Arts) ដែលនឹង​មានការសំដែងរួមគ្នាក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុន សៅលីញ​វូស៊ូ (Wushu Shaolin) នៅបរិវេណព្រះ​វិហារវត្ត Shaolin ដែលនឹង​ជា​ឱកាសក្នុងការផ្សព្វផ្សាយអំពី ក្បាច់គុនល្បុក្កតោកម្ពុជា វឌ្ឍន​ភាពទេស​ចរណ៍កម្ពុជា ការពង្រឹងកិច្ច​សហប្រតិបត្តិការទ្វេភាគី និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន និងជំរុញ​ការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ជាពិសេស​បន្តជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏គ្រោងនឹងទទួលជួបសំដែងការគួរសម និងពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំ ខេត្តហឺណាន ថ្នាក់ដឹកនាំទីក្រុង​ចឹងចូវ និងក្រុមហ៊ុនទេសចរណ៍ចិនធំៗដែលមានសក្តានុពលមួយចំនួនផងដែរ៕
ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner