សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាត លើកទី៤៥
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដើម្បីពិភាក្សា អនុម័តកម្មវិធីនិងរបៀបវារៈនៃមហាសន្និបាតលើកទី៤៥ និងសកម្មភាពការងារមួយចំនួនទៀតរបស់អាយប៉ា នៅពេលអនាគត។

កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី ថៃ វៀតណាម និងឡាវ។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៥ បានស្តាប់របាយការណ៍សកម្មភាពការងាររបស់អគ្គលេខាធិកាដ្ឋានអាយប៉ាប្រចំាឆ្នាំ២០២៣-ឆ្នាំ២០២៤។

ជាមួយគ្នានេះកិច្ចប្រជុំបានអនុម័តជូនសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៦ នៅឆ្នាំ២០២៥ និងហ្វីលីពីន នៅឆ្នាំ២០២៦។ ចំណែកសភាកម្ពុជាបានទទួលយកសំណើធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៦ របស់ក្រុមអ្នកនយោបាយអាយប៉ា(AIPA Caucus) នៅឆ្នាំ២០២៥ ផងដែរ។

សម្តេចរដ្ឋសភាធិបតី បានប្រកាសគោរពអញ្ជើញសមាជិកអាយប៉ាចូលរួមកិច្ចប្រជុំ AIPA Caucus ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានលើកឡើង ពីការគំាទ្រដល់មហាសន្និបាតអាយប៉ា ដែលជាវេទិកាសភាក្នុងតំបន់ដ៏សំខាន់ ក្នុងការពង្រឹងវិស័យការទូតសភានិងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់ ។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍មួយ ដែលយកប្រជាពលរដ្ឋជាស្នូល។
មហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤៕
ដោយ ៖ហេង សម្បត្តិ+ថេត វិចិត្រ





