ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ កោតសរសើរសម្ដេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានកោតសរសើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។ការលើកឡើងបែបនេះក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាព កាលព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងសវនាការដដែលឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា សម្ដេចធិបតី នឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ជាការឆ្លើយតបសម្ដេចធិបតីបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណីរវាងកម្ពុជា និងឡាវ ព្រមទាំងការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ។សម្ដេចធិបតីថា នេះ ក៏ជាការចូលរួមចំណែក នៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

សម្ដេចធិបតី និងឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន បានផ្លាស់ប្ដូរយោបល់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗមានជាអាទិ៍ វិស័យថាមពល, ពាណិជ្ជកម្ម, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ច ប្រទេសទាំងពីរ ក៏ដូចជាវិស័យសន្តិសុខ និងការពារជាតិ ផងដែរ ៕
ដោយ៖ វណ្ណលុក



