Ferrari បញ្ចេញឡានស្ព័រទំនើបបំផុត តម្លៃជិត ៤លានដុល្លារ ផលិតតែ ៧៩៩គ្រឿងប៉ុណ្ណោះ
រ៉ូម៖ ក្រុមហ៊ុនផលិតឡានទំនើបអ៊ីតាលី Ferrari បានបញ្ចេញកំពូលឡានស្ព័រជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ មានឈ្មោះថា F80 limited-edition ជាប្រភេទឡានស្ព័រ Hypercar ដំបូងបំផុតក្នុងរយៈពេល ១១ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
បន្ទាប់ពីការប្រកាសបង្ហាញរូបរាងជាផ្លូវការ ភាគហ៊ុនរបស់ Ferrari បានហក់ឡើងខ្ពស់ជាងមុនភ្លាមៗដល់ ២,១៩ភាគរយ។ ឡានស្ព័រជំនាន់ថ្មីរបស់ Ferrari នេះ បង្កើតឡើងបំពាក់ម៉ាស៊ីនកូនកាត់ Hybrid V6 អាចបើកបរក្នុងល្បឿនប្រហែល ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងរចនារូបរាងយកលំនាំតាមឡានស្ព័រម៉ូដែលមុនៗដែរ គឺ LaFerrari ឆ្នាំ២០២៣, Enzo, F50 និងF40។
ក្រុមហ៊ុន Ferrari និយាយថា ឡានស្ព័រ F80 នឹងផលិតឡើងតែ ៧៩៩គ្រឿងប៉ុណ្ណោះ មួយគ្រឿងមានតម្លៃ ៣.៩លានដុល្លារ ហើយគិតមកទល់ពេលនេះ វាបានទទួលការបញ្ជាទិញអស់ហើយពីអតិថិជន។
ការចែកចាយឡានស្ព័រ F80 ជាបន្តបន្ទាប់ទៅកាន់អ្នកកម្ម៉ង់ទុកមុន នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ហើយការផលិតរំពឹងថា នឹងដំណើរការរហូតដល់ចុងឆ្នាំ២០២៧ ដែលជាឆ្នាំគម្រប់ខួប ៨០ឆ្នាំរបស់ Ferrari។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Ferrari បានចែកចាយឡានចំនួន ១៣,៦៦៣គ្រឿង កើនឡើងចំនួន ៣ភាគរយ ជាមួយនឹងប្រាក់ចំណូលសរុបប្រមាណ ៦.៤៦ពាន់លានដុល្លារ កើនឡើង ១៧ភាគរយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC៕
ប្រភព៖ រ៉យទ័រ និង CNBC ប្រែសម្រួលដោយ៖ ឈឹម ទីណា