នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍជាតិ
តាកែវ៖នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍជាតិ ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ដូច្នេះក្នុងឱកាសរួមជាមួយលោកជំទាវ ប៉ែន ចាន្នី និងបុត្រ ព្រមទាំងនាយទាហាន ពលទាហានបញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋចំណុះជើងវត្តដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណា រក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែង តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវសុខសនិ្តភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងបន្ថែម នូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ ។

សូមជម្រាបថានៅឆ្នាំនេះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី បានមានសទ្ធាជ្រះថ្លា ធដង្ហែអង្គកឋិនទាន ទៅវេរប្រគេន ព្រះភិក្ខុសង្ឃចំនួន ៨វត្ត ក្នុងនោះ សម្រាប់ខេត្តតាកែវចំនួន ៣វត្ត,ខេត្តកំពង់ស្ពឺចំនួន ១វត្ត ,ខេត្តកណ្តាលចំនួន ៣វត្ត និងរាជធានីភ្នំពេញ ១វត្ត ។វត្តតុំនេះ គឺជាវត្តទី១ ដែលនាយឧត្ដមសេនីយ៍ និងលោកជំទាវ បានដឹកនាំដង្ហែ អង្គកឋិនទានមកកាន់។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោក ជំទាវ ប៉ែន ចាន្នី បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានចំនួន ១០០លានរៀល និងបច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្តចំនួន ១៨លាន៥សែនរៀល ។សរុបបច្ច័យចំនួន ១១៨លាន៥សែនរៀល។ នាយឧត្តមសេនីយ៍ក៏បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនតាជី យាយជីផងដែរ ៕
ដោយ៖ វណ្ណលុក





