ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច ជាដៃគូដែលមិនអាចខ្វះបាន
ភ្នំពេញ៖ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួង ស្ថាប័ន» កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដៃគូដែលមិនអាចខ្លះបាន ជាពិសេស លើការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ការពិភាក្សាគ្នានាពេលនេះ ជាកិច្ចពិភាក្សាក្នុងស្មារតីភាពជាដៃគូ ដែលមិនអាចខ្វះបាន រវាងក្រសួងទាំងពីរ ទៅលើកិច្ចការ កែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក។ ការកែទម្រង់ទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះមួយណាបាននោះទេ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា ជោគជ័យ នៃការកែទម្រង់រដ្ឋបាលសាធារណៈ នឹងជួយគាំទ្រដល់ការ កែទម្រង់ហិរញ្ញវត្ថុសាធារណៈ សម្រាប់ការប្រើប្រាស់ធនធានសាធារណៈ ឱ្យឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ។

ក្នុងនាមជាសហប្រធានក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានបន្ថែមថា កិច្ចប្រជុំពិតជាទទួលបានលទ្ធផលលើសពីការគ្រោងទុក។ ក្រៅពីការបានការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ កាន់តែស្អិតរមួត លើការងារចំពោះមុខ ក្នុងជវភាពនៃប្រព័ន្ធ តួអង្គតែមួយ រវាងក្រសួងទាំងពីរ ។ កិច្ចប្រជុំនេះ ទទួលបានធាតុចូលជាច្រើនពីថ្នាក់ដឹកនាំ និងជាពិសេស ការចូលរួមជាធាតុចូលដ៏សំខាន់ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើការសហការការងារជាមួយគ្នា ក្នុងភាពជាដៃគូជិតស្និទ្ធក្នុងការបោះជំហានទៅមុខ កាន់ស្វាហាប់ ទាំងគោលដៅមធ្យម និងវែង ។

គួរជម្រាបថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការ ដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាព នៃប្រព័ន្ធតួអង្គតែមួយ និង (៣) ពិភាក្សាលើការកំណត់ជំហានបន្ត នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ជាពិសេស លើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ៕
ដោយ៖ វណ្ណលុក




