មេធំ Facebook បណ្ដាញបុគ្គលិកព្រោះរឿងលុយ ២៥ដុល្លារ

វ៉ាស៊ីនតោន : នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta បណ្តេញបុគ្គលិកមួយចំនួន បន្ទាប់ពីពួកគេបានបំពានគម្រោងឧបត្ថម្ភអាហារចំនួន ២៥ដុល្លាររបស់ក្រុមហ៊ុន។

ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បណ្តេញបុគ្គលិកជិត ៣០នាក់នៅក្នុងការិយាល័យនៃទីក្រុង Los Angeles បន្ទាប់ពីពួកគេបំពានគម្រោងឧបត្ថម្ភអាហារចំនួន ២៥ដុល្លាររបស់ក្រុមហ៊ុន ដោយយកលុយនោះ ទៅទិញរបស់របរប្រើប្រាស់ផ្សេងៗផ្ទាល់ខ្លួន។

មេធំរបស់ Facebook គឺក្រុមហ៊ុន Meta ដែលបច្ចុប្បន្នមានតម្លៃ ១.៥ពាន់ពាន់លានដុល្លារ បានផ្តល់ឱ្យបុគ្គលិកនូវអាហារបីពេល គឺពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដោយឥតគិតថ្លៃនៅការិយាល័យធំជាងគេរបស់ខ្លួន។

ដោយឡែកអ្នកដែលធ្វើការនៅក្នុងការិយាល័យតូចៗ ដែលគ្មានអាហារដ្ឋានសម្រាប់បុគ្គលិក នឹងទទួលបានប័ណ្ណទូទាត់សាច់ប្រាក់ សម្រាប់កម្មវិធីដឹកជញ្ជូន មានដូចជា Grubhub ដោយពួកគេអាចប្រើលុយនោះ ដើម្បីទិញអាហារញុំាតែប៉ុណ្ណោះ នៅពេលធ្វើការនៅការិយាល័យ។

យ៉ាងណាមិញ ថ្មីៗនេះ Meta បានរកឃើញថា មានបុគ្គលិកមួយចំនួនកំពុងប្រើប្រាស់ប័ណ្ណតម្លៃ ២៥ដុល្លាររបស់ក្រុមហ៊ុន ទៅទិញរបស់របរប្រើប្រាស់ក្នុងផ្ទះ ពីហាងដែលមាននៅលើកម្មវិធី App កម្ម៉ង់អាហារ។

យោងតាមកាសែត Financial Times បានឱ្យដឹងថា ក្នុងករណីខ្លះ បុគ្គលិកទាំងនេះ កំពុងប្រើលុយនេះទៅទិញកែវស្រា និងសាប៊ូបោកខោអាវជាដើម។

ដំណឹងនេះកើតឡើងនៅពេលដែល Meta ក៏បានបញ្ឈប់បុគ្គលិកមួយចំនួនធំនៅក្នុងក្រុមហ៊ុន WhatsApp, Instagram និងក្រុមហ៊ុនរបស់ខ្លួនដទៃ កាលពីថ្ងៃពុធសប្តាហ៍នេះ។
ក្រុមហ៊ុននិយាយថា ខ្លួនកំពុងរៀបចំរចនាសម្ព័ន្ធនាយកដ្ឋានមួយចំនួនឡើងវិញ និងផ្លាស់ប្តូរបុគ្គលិកមួយចំនួនទៅកាន់តំបន់ផ្សេងទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន Meta និងក្រុមហ៊ុនផ្សេងទៀត មានដូចជា Silicon Valley បានផ្តល់អាហារដោយឥតគិតថ្លៃនៅក្នុងការិយាល័យរបស់ពួកគេជាយូរមកហើយ ដែលនេះជាការលើកទឹកចិត្តបុគលិកមកធ្វើការនៅការិយាល័យផ្ទាល់ ជំនួសឱ្យការធ្វើការតាមអនឡាញពីផ្ទះ និងសម្រាប់បុគ្គលិកធ្វើការថែមម៉ោង៕

ប្រភព : The telegraph ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner