ត្រឹម៣សប្តាហ៍ Apple លក់ iPhone 16 នៅចិន កើនដល់ ២០ភាគរយ

ប៉េកាំង : កំពូលទូរស័ព្ទ iPhone 16 របស់ក្រុមហ៊ុន Apple មើលឃើញការកើនឡើងការលក់ចំនួន ២០% នៅក្នុងទីផ្សារប្រទេសចិន ជំរុញចម្បងដោយសារការលក់ម៉ូដែល Pro និង Pro Max។ ប៉ុន្តែប្រភពមិនបានបង្ហើបឱ្យដឹងពីចំនួនទូរស័ព្ទ និងទឹកប្រាក់ទេ។

ការលក់ទូរស័ព្ទ iPhone សេរីថ្មីបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារប្រទេសចិន កើនឡើង ២០% ត្រឹមតែរយៈពេល ៣សប្តាហ៍ដំបូងប៉ុណ្ណោះ បើធៀបនឹងម៉ូដែលឆ្នាំ ២០២៣។

ការមើលឃើញពីកំណើននៃការលក់នេះ ជាសញ្ញាវិជ្ជមានសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple នៅឆ្នាំ ២០២៤ ក្នុងការដណ្តើមចំណែកទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោក។

ទន្ទឹមគ្នា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់កំណត់ត្រាមួយក្នុងសប្តាហ៍នេះដល់ ២% ជំរុញដោយការចេញលក់ទូរស័ព្ទ iPhones ដំណើរការដោយបញ្ញាសិប្បនិម្មិត AI។

ទូរស័ព្ទ iPhone 16 បង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះ ហើយបើទោះបីជាការចាប់ផ្តើមដ៏ល្អក៏ដោយ iPhone 16 របស់ Apple កំពុងប្រឈមមុខនឹងគូប្រជែងក្នុងស្រុកនៅចិនធំៗមួយចំនួននៅឆ្នាំនេះ។

តួយ៉ាង Vivo ទើបតែបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី X200 Pro និង ក្រុមហ៊ុន Huawei ត្រូវបានរំពឹងថា នឹងបង្ហាញស្មាតហ្វូន Mate ជំនាន់ក្រោយនៅក្នុងខែវិច្ឆិកា ហើយក្រុមហ៊ុន Xiaomi និង Oppo ក៏គ្រោងនឹងធ្វើបច្ចុប្បន្នភាពត្រកូលស្មាតហ្វូនជំនាន់មុនៗរបស់ពួកគេ នៅមុនដំណាច់ឆ្នាំផងដែរ។

ចិននៅតែជាប្រទេសធំជាងគេលើពិភពលោក ហើយក៏ជាទីផ្សារស្មាតហ្វូនមានការប្រកួតប្រជែងបំផុតនៅលើពិភពលោក នេះបើតាមការអះអាងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook។

សម្រាប់ Apple ទូរស័ព្ទ iPhone នៅតែជាផលិតផលដ៏សំខាន់បំផុតរបស់ខ្លួន ព្រោះវារួមចំណែកដោយផ្ទាល់ប្រហែលពាក់កណ្តាលនៃការលក់គ្រប់ផលិតផលទាំងអស់ និងទាក់ទាញអ្នកប្រើប្រាស់ឱ្យទិញឧបករណ៍ផ្សេងទៀត ដូចជា Apple Watch ឬសេវាកម្ម Apple Music ជាដើម៕

ប្រភព : Tech Times ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner