បុរសម្នាក់គប់គ្រាប់បែកសាំងនៅមុខទីស្នាក់ការគណបក្សកាន់អំណាចនៅជប៉ុន

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា បុរសម្នាក់ត្រូវចាប់ខ្លួននៅក្នុងទីក្រុងតូក្យូ ក្រោយគប់គ្រាប់បែកសាំងជាច្រើនគ្រាប់នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាច នៅព្រឹកថ្ងៃសៅរ៍នេះ ពោលគឺជាងមួយសប្តាហ៍មុនការបោះឆ្នោតនាយករដ្ឋមន្រ្តីថ្មីមកដល់។

Read. ទូរទស្សន៍រដ្ឋជប៉ុន NHK ចេញផ្សាយថា ប៉ូលីសនៅទីក្រុងតូក្យូនិយាយថា បុរសម្នាក់បានគប់អ្វីម្យ៉ាង ដែលមើលទៅដូចជាស្រាក្រឡុក Molotov នៅមុខទីស្នាក់ការកណ្តាលនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅព្រឹកថ្ងៃសៅរ៍នេះ។

ប៉ូលិសជប៉ុននិយាយថា មុនពេលកើតហេតុ បុរសជាជនសង្ស័យបានបើកឡានឈប់នៅមុខទីស្នាក់ការកណ្តាលរបស់គណបក្ស LDP នៅម៉ោងប្រហែល ៦ព្រឹកថ្ងៃសៅរ៍នេះ ហើយបានគប់គ្រាប់បែកសាំងពី ៥ ទៅ ៦គ្រាប់ ប៉ុន្តែជាសំណាងល្អ ភ្លើងត្រូវបានពន្លត់ភ្លាមៗ។

សមត្ថកិច្ចជប៉ុនបានធ្វើការចាប់ខ្លួនជនសង្ស័យអាយុ ៤៩ឆ្នាំនៅនឹងកន្លែងកើតហេតុ ដោយចោទប្រកាន់ពីបទធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ហើយហេតុការណ៍នេះ មិនបានបណ្តាលឱ្យនរណាម្នាក់រងរបួសទេ។
គិតមកទល់ពេលនេះ គេនៅពុំទាន់ដឹងពីមូលហេតុដែលនាំឱ្យជនសង្ស័យសម្រេចចិត្តធ្វើបែបនេះនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ។

ឧក្រិដ្ឋកម្មហិង្សា គឺជារឿងកម្រកើតមាននៅជប៉ុន ដែលជាប្រទេសមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង។ ប៉ុន្តែប្រទេសអាស៊ីនេះបានជួបភាពចលាចលនៅឆ្នាំ ២០២២ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត។

គួរបញ្ជាក់ថា ករណីគប់គ្រាប់បែកសាំងខាងលើនេះ កើតឡើងតែជាងមួយសប្តាហ៍មុនពេលប្រទេសជប៉ុនរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលា ដែលនេះជាការសាកល្បងមួយ សម្រាប់នាយករដ្ឋមន្ត្រីថ្មី លោក Shigeru Ishiba ដែលបានចូលកាន់តំណែង បន្ទាប់ពីបានឈ្នះការបោះឆ្នោតនៅក្នុងគណបក្ស LDP កាលពីខែមុន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner