ក្រុមហាម៉ាស់ថា សង្គ្រាមបញ្ចប់សិន ទើបដោះលែងចំណាប់ខ្មាំងក្រោយ

ហ្ស៊េរុយសាឡឹម៖ ក្រុមហាម៉ាស់បានប្តេជ្ញាកាលពីថ្ងៃសុក្រថា ពួកគេនឹងមិនដោះលែងចំណាប់ខ្មាំងដែលខ្លួនបានចាប់ ក្នុងអំឡុងពេលវាយប្រហារថ្ងៃទី៧ ខែតុលាទៅលើអ៊ីស្រាអែលទេ រហូតដល់សង្រ្គាមហ្គាហ្សាបញ្ចប់។

Read. អំឡុងពេលកាន់ទុក្ខមេដឹកនាំរបស់ខ្លួន លោក Yahya Sinwar ក្រុមហាម៉ាស់បានប្តេជ្ញាថា នឹងមិនដោះលែងចំណាប់ខ្មាំងឡើយ បើសិនភ្លើងសង្គ្រាមក្នុងតំបន់ហ្គាហ្សានៅតែមិនរលត់។

ការសម្លាប់លោក Sinwar ដែលជាមេដឹកនាំក្រុមហាម៉ាស់ បានផ្តល់ក្តីសង្ឃឹមឈានដល់ចំណុចរបត់មួយនៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ រួមទាំងគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រជាជនហ្គាហ្សាដែលស៊ូទ្រាំនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។

ប៉ុន្តែអ្វីៗផ្ទុយស្រឡះ មន្ត្រីក្រុមហាម៉ាស់មានមូលដ្ឋាននៅកាតា លោក Khalil al-Hayya បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយបានរំលឹកឡើងវិញពីគោលជំហររបស់ក្រុមខ្លួនថា គ្មានឡើយការដោះលែងចំណាប់ខ្មាំង លុះត្រាតែការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅហ្គាហ្សាបញ្ចប់ជាមុនសិន។

ការអះអាងបែបនេះរបស់លោក មន្រ្តីហាម៉ាស់ កើតឡើងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាពេញមួយថ្ងៃ ជាមួយនឹងការវាយប្រហារនៅជិតទីក្រុង Jabalia កាលពីយប់ថ្ងៃសុក្រ ដែលបណ្តាលឱ្យមនុស្ស ៣៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នេះបើយោងតាមអ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សា លោក Mahmud Bassal។

ទីភ្នាក់ងារនេះបន្ថែមថា នៅព្រឹកថ្ងៃសុក្រដដែល ក្រុមជួយសង្គ្រោះបានស្រង់សាកសពកុមារប៉ាឡេស្ទីនចំនួនបីនាក់ ចេញពីគំនរបាក់បែកក្នុងផ្ទះរបស់ពួកគេ នៅភាគខាងជើងនៃតំបន់ហ្គាហ្សា។

អ្នកនាំពាក្យទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF លោក James Elder និយាយថា យោងតាមការប៉ាន់ស្មាន ចំនួនអ្នកស្លាប់ ក្នុងចំណោមកុមារនៅហ្គាហ្សាមានលើសពី ១៤,១០០នាក់។ លោក Elder បន្ថែមថា សម្រាប់ជីវិតកុមារមួយលាននាក់ ការរស់នៅតំបន់ហ្គាហ្សា គឺប្រៀបដូចជាឋាននរកនៅលើផែនដី៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner