ផ្ទះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលត្រូវយន្តហោះដ្រូនវាយប្រហារ
ហ៊្សេរុយសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូនមួយគ្រឿងបានបាញ់សំដៅទៅកាន់លំនៅដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ នៅទីក្រុង Caesarea ក្នុងថ្ងៃសៅរ៍នេះ។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា យន្តហោះដ្រូនមួយគ្រឿង បានវាយប្រហារទៅលើលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅទីក្រុង Caesarea ភាគខាងជើងប្រទេសអ៊ីស្រាអែល នៅក្នុងថ្ងៃសៅរ៍ ប៉ុន្តែជាសំណាងល្អ លោកនាយករដ្ឋមន្ត្រីមិនស្ថិតនៅក្បែរនោះទេ ហើយក៏មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះដែរ។

យោងតាមសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល និងប៉ូលីស បានឱ្យដឹងថា ការផ្ទុះត្រូវបានគេលឺនៅក្នុងទីក្រុង Caesarea ជាក្រុងឆ្នេរសមុទ្រ ដែលលោក ណេតាន់យ៉ាហ៊ូ មានផ្ទះវិស្សមកាលនៅទីនោះ។ ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូននេះ ភ្លាមៗនៅពុំទាន់មានការអះអាងទទួលខុសត្រូវ ពីសំណាក់ក្រុមហេសបូឡានៅប្រទេសលីបង់ ឬក្រុមសកម្មប្រយុទ្ធណាមួយផ្សេងទៀតនៅឡើយទេ។

មុននេះ យោធាអ៊ីស្រាអែលបានរាយការណ៍ថា យន្តហោះដ្រូនមួយគ្រឿងត្រូវបានហោះចេញពីប្រទេសលីបង់ ប៉ុន្តែវាបានហោះបុកអគារមួយកន្លែង។ យោធាអ៊ីស្រាអែលបន្ថែមថា យន្តហោះដ្រូនពីរគ្រឿងទៀត ដែលបានឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែល ក៏ត្រូវបានស្ទាក់ចាប់ផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ សន្យាថា នឹងបន្តសង្រ្គាមនៅហ្គាហ្សា និងលីបង់ ទោះបីជាមានក្តីសង្ឃឹមថា ការស្លាប់របស់មេដឹកនាំហាម៉ាស់ លោក Yahya Sinwar អាចនាំមកនូវសន្តិភាពក៏ដោយ ហើយថា សង្រ្គាមនឹងបន្តរហូតដល់ចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ត្រូវបានដោះលែង៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា