សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ឯកឧត្តម Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានៅរដ្ឋធានីហ្សាការតា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ។

អញ្ជើញចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រីរួមមាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារ ជាតិ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត ។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះ នឹងបង្ហាញយ៉ាងច្បាស់ ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត





