អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន កូកា-កូឡាកម្ពុជាពួតដៃជាមួយសហគមន៍ លើកកម្ពស់ការសម្អាតទីក្រុង និងការការពារបរិស្ថាន
ភ្នំពេញ៖ស្ថិតក្នុងគោលដៅរួមគ្នា កាលពីព្រឹកថ្ងៃសៅរ៍ទី១៩ខែតុលា ឆ្នាំ២០២៤ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត កូកា-កូឡាកម្ពុជាសហការជាមួយយុវជន និងប្រជាសហគមន៍ជាង៤០០នាក់បានធ្វើសកម្មភាព សម្អាតបរិស្ថាន នៅក្នុងសង្កាត់ ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សកម្មភាពនេះជាការលើកទឹកចិត្តឱ្យយុវជន និងប្រជាពលរដ្ឋមានស្មារតីស្រលាញ់បរិស្ថានដោយឈប់ចោលសំរាម
នៅទីសាធារណៈ និងយល់ដឹងអំពីវិធីទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

យុវតីអេម រចនា សិស្សមកពីអង្គការផ្កាយសមុទ្រ ដែលបានចូលរួមក្នុងគម្រោងនេះបានបង្ហាញនូវកង្វល់របស់ខ្លួន ថា “សម្រាប់បរិស្ថានបច្ចុប្បន្នហ្នឹងខ្ញុំមានការព្រួយបារម្ភមែនទែនព្រោះឃើញយុវជនឬក៏ចាស់ៗភាគច្រើនគាត់បោះចោល
ថង់ប្លាស្ទិក នៅទីប្រជុំជនទីសាធារណៈ។ដូចជាពេលខ្លះពួកគាត់ផឹកឬញ៉ាំអ្វីមួយហើយគឺគាត់បោះចោលនៅកន្លែងហ្នឹងតែម្តង។ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលបានមកចូលរួមការសំអាតបរិស្ថានថ្ងៃនេះព្រោះសំរាមអាចប៉ះពាល់ដល់សុខភាព ក្មេងៗនិងមនុស្សចាស់ដែលអាចធ្វើឱ្យយើងផ្តាសាយឬក៏មានជំងឺគ្រុនចាញ់បង្កដោយមូសខ្លា មូសដែកគោលផ្សេងៗ”។

ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ជាពិសេស ចំពោះសុខភាពសាធារណៈ។ គំនរសំរាម គឺជាកន្លែងបង្កកំណើតនៃពពួកសត្វល្អិត ដែលជាប្រភពជំងឺផ្សេងៗ និង ធ្វើឱ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុងទៀតផង។

អ្នកស្រី សឿន ចារ៉ា ប្រធានប្រតិបត្តិអង្គការផ្កាយសមុទ្រ បាននិយាយថា៖ “បរិស្ថានស្អាតគឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ ការអភិវឌ្ឍទូទៅនៃកុមារគ្រប់រូប។ ប្រសិនបើទីកន្លែងដែលពួកគេរស់នៅ និងលេងកំសាន្ត ហ៊ុំព័ទ្ធជុំវិញដោយសំរាម នោះកុមារប្រាកដជាត្រូវទទួលរងនូវបញ្ហាសុខភាព ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ វាគឺជាការទទួលខុសត្រូវរួមគ្នារបស់យើងទាំងអស់គ្នាក្នុងការលើកស្ទួយការអនុវត្តប្រកបដោយចីរភាពទាំងនៅក្នុងសាលារៀន និងសហគមន៍គោលដៅដែលយើងផ្តល់សេវាគាំទ្រ ដើម្បីបង្កើតសហគមន៍ស្អាតនិងរីកចម្រើនសម្រាប់កុមារគ្រប់រូប”។

លោក ឃុន ប៉េងលី នាយកប្រចាំប្រទេសផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនកូកាកូឡាបានបញ្ជាក់ឱ្យដឹងដែរ ថា ការពួតដៃគ្នាផ្តួចផ្តើមគម្រោង គឺមានគោលដៅឆ្ពោះទៅកាន់អនាគតដ៏បៃតងសម្រាប់កម្ពុជា”។

លោក ប៉េងលី បន្ថែមថា គម្រោងនេះទទួលបានការចូលរួមពីយុវជនចំនួន១៣៣នាក់ប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងសហគមន៍ ចំនួន៨០នាក់ រួមទាំងអ្នកស្ម័គ្រចិត្តចំនួន១៩២នាក់ មកពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងអង្គការផ្កាយសមុទ្រ។

លោកបន្តថា យើងជឿជាក់ថា បេសកកម្មដ៏សំខាន់បំផុតដែលយើងកំពុងអនុវត្ត គឺការកសាងសហគមន៍និងភពផែនដីឱ្យ រីកចម្រើនទៅមុខប្រកបដោយចីរភាព ពីព្រោះយើងគិតគូរដល់មនុស្ស និងសហគមន៍ដែលយើងតាំងនៅ ។

សូមបញ្ជាក់ថា គម្រោងនេះ បានប្រព្រឹត្តទៅចាប់ពីខែកញ្ញា ដល់ខែតុលាដោយបែងចែកចេញជាកម្មវិធីសំខាន់ៗ ពីរលើកផ្សេងគ្នា។ កម្មវិធីដំបូង នៅសហគមន៍តាងូវ ខណ្ឌច្បារអំពៅ និងកម្មវិធីទីពីរនៅសហគមន៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ។កម្មវិធីទាំងពីរលើក បានចូលរួមសម្អាតផ្លូវធំៗ និងតំបន់ពោរពេញដោយសំរាម៕
ថតដោយ៖ ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ