គណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ធ្វើបទឧទ្ទេសនាម ស្តីពី “លទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣ អាណត្តិទី២០ របស់បក្សកុម្មុយនីស្តចិន“
ភ្នំពេញ ៖គណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តមឈី ឈីងសាន (Qi Qingshan)សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រនិងអក្សរសាស្រ្តនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើ បទឧទ្ទេសនាម ស្តីពី “លទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣អាណត្តិទី២០របស់បក្សកុម្មុយនីស្ត ចិន“ដល់មន្រ្តី គណបក្សប្រជាជនកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមាន៧មករា ។

ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១នៃគណៈទាក់ទងការបរទេសគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា វត្តមាន គណៈប្រតិភូមកធ្វើបទឧទ្ទេសនាមដល់មន្រ្តីនៃរបស់គណបក្សប្រជាជនកម្ពុជានាពេលនេះគឺបានបញ្ជាក់ពីការទុកចិត្តខ្ពស់ពីថ្នាក់ ដឹកនាំគណបក្សកុម្មុយនីសចិន ក្នុងការចំណែករំលែកព័ត៌មាន ទស្សនៈ និងបទពិសោធន៍ល្អៗស្របពេលដែលប្រទេសទាំង២ កំពុងប្រារព្ធឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឆ្នាំ២០២៤ ពិសេសកម្ពុជា-ចិន ក៏ដូចជាចិន និងអាស៊ានផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ឈី ឈីងសាន (Qi Qingshan) មានប្រសាសន៍ថាលទ្ធផលសំខាន់ៗនិងការប្រជុំពេញអង្គបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តមស៊ី ជីនភីង( Xi Jinping) ជាអ្នកដឹកនាំស្នូលបានប្រកាន់ខ្ជាប់នូវកំណែទម្រង់ និងបើកចំហរ ដែលមានសារៈសំខាន់ធំចម្បងក្នុងការបន្តជំរុញកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយដើម្បីកសាងអនាគត យ៉ាងទូលំទូលាយ សម្រាប់ការធ្វើទំនើបកម្មតាមបែបចិន សម្រេចបាននូវគោលដៅសតវត្សរ៍ទីពីរនិងសម្រេចបាននូវ សុបិនចិននៃ ការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន ៕
ដោយ៖ គ្រី សម្បត្តិ


