សម្ដេចធិបតី ៖ យុវជនកាកបាទក្រហមត្រូវបន្តការ យកចិត្ត ទុកដាក់សិក្សាមុខជំនាញ និងចូលរួមលើក កម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ
ភ្នំពេញ៖យុវជនកាកបាទក្រហម ត្រូវបន្តការយកចិត្តទុកដាក់ សិក្សាមុខជំនាញ ឱ្យបានច្បាស់លាស់និងចូលរួមលើកកម្ពស់ វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ។នេះជាការអំពាវនាវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សូមបន្តការ យកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យ បានច្បាស់ លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវ បច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្រប តាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ។

ដោយសំដៅទៅពាក្យស្លោក” វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” សម្តេចធិបតីនាយករដ្ឋ មន្រ្តីកម្ពុជា ក៏បានអំពាវនាវយុវជនកាកបាទក្រហម ត្រូវបន្ត រួមគ្នាក្នុងការបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិកា និងឆន្ទៈ ក្នុងការ ការពារបុព្វហេតុដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលស្របច្បាប់។

សម្តេចធិបតីលើកឡើងថា ត្រូវចេះស្រឡាញ់ជាតិ តែមិន ត្រូវជ្រុលនិយម។ ត្រូវលើកតម្កើងគំនិតវិជ្ជមាន។កុំអង្គុយ ខ្វល់នឹង គេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ គឺត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ,ពង្រឹងសាមគ្គី, ប្រឹង ប្រែងផលិត .បង្កើត និងផ្សព្វផ្សាយអ្វីដែលខ្លួនមាន។

សូមជម្រាបថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នក ស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃបណ្តាញអ្នក ស្ម័គ្រចិត្តកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្ន មានជាង១៦លាននាក់ នៅទូទាំងសកលលោក៕
ដោយ៖វណ្ណលុក