សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិធីចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី

នៅរសៀលថ្ងៃទី១៩ ខែតុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ ឯកឧត្តម Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី Joko Widodo។

អញ្ជើញចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីនេះរួមមាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត។ ការអញ្ជើញចូលរួមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះនឹង បង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ

ads banner